Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុងមូស្គូព្រមានថា បើអេស្តូនី ហ៊ានឲ្យណាតូដាក់នុយក្លេអ៊ែរមែន នោះមីស៊ីលរុស្ស៊ី នឹងបែរក្បាលតម្រង់ទៅហើយ

បានផុស

នៅ

គ្រាន់តែរដ្ឋមន្ត្រីការបរទេសអេស្តូនី បង្ហើបថា ប្រទេសរបស់លោកប្រហែលមិនជំទាស់ឡើយប្រសិនបើ ​អង្គការណាតូចង់ទុកអាវុធនុយក្លេអ៊ែរក្នុងរដ្ឋជាសមាជិកមួយនេះមែននោះ ស្រាប់តែទីក្រុងមូស្គូប្រតិកម្មក្តៅៗថា ឲ្យតែហ៊ានធ្វើបែបនេះមែន នោះមីស៊ីលរុស្ស៊ី នឹងបែរក្បាលតម្រង់ទៅអេស្តូនីភ្លាម។

អាវុធនុយក្លេអ៊ែររុស្ស៊ី (រូប៖ Reuters)

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអេស្តូនី Margus Tsahkna ប្រាប់ថា ប្រទេសរបស់លោកអត់ជំទាស់ទេ ចំពោះគំនិតស្តុកអាវុធនុយក្លេអ៊ែររបស់ណាតូ ហើយថែមទាំងប្រកាសថា ខ្លួនត្រៀមរួចជាស្រេចបើប្លុកយោធាដឹកនាំដោយអាមេរិក បញ្ជូននុយក្លេអ៊ែរមកទុកនៅអេស្តូនីមែន។

រឿងនេះធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ចេញមុខប្រតិកម្មខ្លាំងៗ ហើយព្រមានចំៗថា អេស្តូនី ត្រូវគិតគូររឿងនេះឲ្យមែនទែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូប៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មាន Pavel Zarubin និងត្រូវបានចេញផ្សាយដោយ RT កាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈ លោក Peskov ព្រមានថា៖ «យើងមិនបានគំរាមកំហែងអេស្តូនីឬប្រទេសអឺរ៉ុបណាមួយផ្សេងទៀតឡើយ ប៉ុន្តែប្រសិនបើអាវុធនុយក្លេអ៊ែរត្រូវបានដាក់ពង្រាយនៅលើទឹកដីអេស្តូនី ហើយតម្រង់មករករុស្ស៊ីមែន នោះអាវុធនុយក្លេអ៊ែររបស់យើងក៏នឹងត្រូវតម្រង់សំដៅទៅទឹកដីអេស្តូនីវិញដូចគ្នា»។

មិនមែនជារឿងថ្មីឡើយ ជំហររបស់រុស្ស៊ីចំពោះការដាក់ពង្រាយអាវុធរបស់អង្គការណាតូ នៅក្នុងប្រទេសជិតខាង គឺជាចំណុចស្នូលនៃជម្លោះភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

រុស្ស៊ីចាត់ទុកប្រទេសជិតខាងនានាថាជា «តំបន់ទ្រនាប់» ដ៏សំខាន់។ ដូច្នេះហើយ ការមានមូលដ្ឋានទ័ព ឬអាវុធណាតូនៅកៀកព្រំដែន ធ្វើឲ្យរុស្ស៊ីមានអារម្មណ៍ថា ខ្លួនត្រូវបានឡោមព័ទ្ធនិងងាយរងគ្រោះក្នុងការវាយប្រហារភ្លាមៗ។

មិនត្រឹមប៉ុណ្ណឹង វិមានក្រឹមឡាំងយល់ថា ប្រព័ន្ធការពារមីស៊ីលឬអាវុធនុយក្លេអ៊ែររបស់ណាតូដែលដាក់នៅជិតខ្លួន នឹងកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការឆ្លើយតបវិញ ដែលធ្វើឲ្យបាត់បង់តុល្យភាពអំណាចយោធារវាងមហាអំណាច៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម