Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអូទ្រីសសន្យាជំរុញការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ខណៈធុរជនអូទ្រីសនឹងមករកឱកាសវិនិយោគ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីស លោកស្រី Katharina Wieser សន្យាថា នឹងជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូទ្រីស ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ការសន្យានេះបានធ្វើឡើងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ក្នុងពេលលោកស្រី Katharina Wieser ចូលប្រគល់សារតាំង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Katharina Wieser បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែរីកចម្រើន ដោយលោកស្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែមទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេសគឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

លោកស្រី ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង។

លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្ដេចតេជោ អំពីគម្រោងនៅពេលខាងមុខ ដែលនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគផងដែរ។ ដំណឹងនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បង្ហាញការសាទរចំពោះគម្រោងធុរជនរបស់អូទ្រីស គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខ។

សម្ដេចតេជោ បង្ហាញក្ដីសង្ឃឹមថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេសការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្តទៀត។

សម្ដេចតេជោចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកស្រី មកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា អូទ្រីសបានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម