Connect with us

ព័ត៌មានអន្ដរជាតិ

នយោបាយថៃ នៅតែជាប់គាំង ឈានដល់ការកើតមានជម្លោះផ្ទៃក្នុង

បានផុស

នៅ

ដ្បិតការបោះឆ្នោតថៃ បានបញ្ចប់ទៅជាងមួយខែមកហើយក៏ដោយ ប៉ុន្តែនយោបាយក្នុងប្រទេសនេះ នៅតែជាប់គាំង ជាពិសេសពាក់ព័ន្ធការបង្កើតគណរដ្ឋមន្ត្រីថ្មី ដោយពេលនេះ មានគណបក្សប្រឆាំងជាបន្តបន្ទាប់ បានចេញមុខជំទាស់និងវាយប្រហារខ្លាំងៗទៅលើគណបក្សជាប់ឆ្នោត កើតជាជម្លោះផ្ទៃក្នុង។

អានុទីន (រូប៖ Reuters)

គណបក្សភូមិចៃថៃរបស់លោក អានុទីន ឆាន់វីរៈគុល បានទទួលជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែលទ្ធផលនោះ ត្រូវគេបរិហាថា ជាការទិញសំឡេងឆ្នោតនិងមានការចោទប្រកាន់ជាច្រើន អំពីការក្លែងបន្លំលទ្ធផល។

ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលថ្មី ពេលនេះគណបក្ស Klatham អះអាងថា ខ្លួនទំនងជានឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ ហើយប្រកាសយ៉ាងដាច់អហង្ការថា ខ្លួននឹងធ្វើជាគណបក្សប្រឆាំង ដ្បិតពីមុនធ្លាប់មានសម្ព័ន្ធភាពជាមួយគណបក្សភូមិចៃថៃក៏ពិតមែន។

Thammanat Prompao គឺជាអ្នកមានឥទ្ធិពលនៅពីក្រោយបក្ស Klatham ហើយលោកធ្លាប់ជាមិត្តភក្តិនយោបាយដ៏ជិតស្និទ្ធជាមួយ អានុទីន។ អ្នកទាំងពីរ ធ្លាប់ធ្វើការជាមួយគ្នាយ៉ាងជិតដិតក្នុងនាមជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីតែមួយ។

Thammanat Prompao (រូប៖ Bangkok Post)

យ៉ាងណា ទោះធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន សម្ព័ន្ធភាពនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ជាក់ស្តែងបន្ទាប់ពីគណបក្សភូមិចៃថៃ ទទួលជ័យជម្នះ, អានុទីន ហាក់ដូចជាមានអំណាចពេញដៃក្នុងការជ្រើសរើសដៃគូថ្មី ហើយក្រោយមក ក៏មានការឌឺដងគ្នាទៅមកឥតឈប់ឈរ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ លោក Pai Leeke អគ្គលេខាធិការបក្ស Klatham លើកឡើងថា ខាងភូមិចៃថៃមិនបានទាក់ទងមកខាង Klatham ឡើយ ជុំវិញការបង្កើតរដ្ឋាភិបាលចម្រុះ ដែលនេះសបញ្ជាក់ថា សម្ព័ន្ធភាពចាស់ប្រហែលជាត្រូវរលាយ ឬត្រូវបានគេផាត់ចេញពីការបង្កើតរដ្ឋាភិបាលថ្មីបាត់ទៅហើយ។

Pai Leeke (រូប៖ The Nation)

តាមសម្តីលោក Pai, ដ្បិតសភាតំណាងរាស្ត្រមិនទាន់បើកសម័យប្រជុំ ហើយនៅមានពេលវេលាមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក៏ពិតមែន ប៉ុន្តែភាពស្ងប់ស្ងាត់ដែលកំពុងបន្តនេះ គឺជាសញ្ញាបង្ហាញឲ្យឃើញនូវអ្វីម្យ៉ាងហើយ។ គណបក្ស Klatham តែងតែគោរពសិទ្ធិរបស់គណបក្សដែលទទួលបានការគាំទ្រច្រើនជាងគេ ក្នុងការដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះ។

លោកបន្តថា៖ «ប្រសិនបើពិតជាមានបំណងចង់បន្តធ្វើការងារជាមួយគ្នាមែន បន្ទាប់ពីរយៈពេល ៤ ខែកន្លងមកក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ វាមិនគួរណាមានភាពស្ងប់ស្ងាត់ដល់ថ្នាក់នេះទេ»។

ទន្ទឹមនោះដែរ គណបក្សប្រឆាំងមួយទៀត គឺគណបក្សប្រជាជន បានអំពាវនាវដល់រដ្ឋាភិបាលដែលត្រៀមនឹងចូលកាន់តំណែង និងសភាទើបជាប់ឆ្នោត ឲ្យផ្តល់តម្លៃដល់លទ្ធផលនៃប្រជាមតិកន្លងមក ហើយបន្តសម្រេចការងារលើការតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ បក្សនេះព្រមានថា រាល់ការយឺតយ៉ាវ គឺជាការមើលរំលងឆន្ទៈរបស់ពលរដ្ឋ។

អានុទីន (រូប៖ Reuters)

សូមជម្រាប, សភាថ្មីរបស់ថៃ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី១៤ខែមីនា បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន ដែលគណបក្ស ភូមិចៃថៃ ជាអ្នកឈ្នះដោយទទួលបានអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈសរុបចំនួន៥០០។

សភាដែលទើបបង្កើតនេះ នឹងជួបប្រជុំគ្នានៅថ្ងៃទី១៥ខែមីនា ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសភា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម