ព័ត៌មានជាតិ
ក្រសួង៣ អំពាវនាវបញ្ឈប់មាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំរួមមួយ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ ខណៈដែលមានការព្រួយបារម្ភកើនឡើងចំពោះមាតិកាអសីលធម៌លើបណ្តាញសង្គម។

តាមសេចក្តីណែនាំបានបញ្ជាក់ថា ទោះបីជាកន្លងមកក្រសួងព័ត៌មានបានណែនាំឱ្យអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គមអនុវត្តដោយការទទួលខុសត្រូវ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គមក៏ដោយ ប៉ុន្តែបច្ចុប្បន្ននៅតែមានមាតិកាមួយចំនួនបំពានលើក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ។ មាតិកាទាំងនេះរួមមានការប្រើពាក្យសម្តីអសុរោះ ការបង្ហាញរូបភាពអនាចារ និងស្រើបស្រាល ជាពិសេសការយករូបរាងកាយស្ត្រីមកធ្វើជាឧបករណ៍ទាក់ទាញការចាប់អារម្មណ៍ ឬផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងសីលធម៌សង្គមខ្មែរ។

អាជ្ញាធរបានព្រមានថា ការផលិត និងចែកចាយមាតិកាបែបនេះ កំពុងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យធ្លាក់ចុះគុណតម្លៃវប្បធម៌ប្រពៃណីដែលបុព្វបុរសបានថែរក្សាយូរមកហើយ។ ជាពិសេស ការចម្លងគំរូវប្បធម៌បរទេសដែលមានលក្ខណៈមិនសមរម្យ ត្រូវបានអំពាវនាវឱ្យជៀសវាង ដោយសារអាចបង្កផលប៉ះពាល់ដល់ការយល់ដឹងអត្តសញ្ញាណជាតិរបស់យុវជនជំនាន់ក្រោយ។

ក្នុងគោលបំណងលើកកម្ពស់តម្លៃវប្បធម៌ និងសីលធម៌សង្គម ក្រសួងទាំងបីបានដាក់ចេញវិធានការសំខាន់ៗ រួមមាន៖
-បញ្ឈប់ការផលិត និងផ្សព្វផ្សាយមាតិកាដែលមានពាក្យសម្តីជេរប្រមាថ អាសអាភាស ឬបង្ហាញភាពស្រើបស្រាលលើសលប់
-ហាមឃាត់ការយករូបរាងកាយស្ត្រីមកប្រើប្រាស់ដើម្បីទាក់ទាញ Likes, Shares និង Views ឬផ្សាយពាណិជ្ជកម្ម
-លើកទឹកចិត្តការផលិតមាតិកាដែលបង្ហាញអំពីវប្បធម៌ ប្រពៃណី និងការលើកតម្កើងតួនាទីស្ត្រី
-បង្ការ និងជៀសវាងមាតិកាផ្សព្វផ្សាយដែលមានលក្ខណៈរើសអើងភេទ ឬបំពានសេចក្តីថ្លៃថ្នូរមនុស្ស
-អំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគោរពក្រមសីលធម៌ និងច្បាប់ជាធរមាន
លើសពីនេះ ក្រសួងបានជំរុញឱ្យមានការផលិតមាតិកាដែលផ្តោតលើការអប់រំ បំណិនជីវិត សិល្បៈ និងវប្បធម៌ ដើម្បីចូលរួមកសាងសង្គមដែលមានចំណេះដឹង និងសីលធម៌ខ្ពស់ ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ។
ជាមួយគ្នានេះ អាជ្ញាធរបានព្រមានថា នឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គល ឬអង្គភាពណាដែលមិនគោរពសេចក្តីណែនាំនេះ បន្ទាប់ពីទទួលការអប់រំ និងការណែនាំរួចហើយ៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


