Connect with us

ព័ត៌មានជាតិ

កំពង់ផែសម្តេចពិជ័យសេនា រៀបចំសង្រ្កាន្តឆ្នាំថ្មី ទាក់ទាញទេសចរ និងផ្សព្វផ្សាយសក្តានុពលក្នុងតំបន់

បានផុស

នៅ

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃទី ១៤មេសា ខាងមុខនេះ ក្រុមការងារមើលការខុសត្រូវនៅកំពង់ផែនេសាទ “សម្តេចពិជ័យសេនា ទៀ បាញ់” ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានរៀបចំកម្មវិធីកម្សាន្តញុំងបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងទេសចរ។

កម្មវិធីនេះមានសកម្មភាពកម្សាន្តចម្រុះ រួមមានល្បែងប្រជាប្រិយខ្មែរ ការរាំលេងតាមចង្វាក់ប្រពៃណី ជិះទូកកម្សាន្ត គយគន់ទេសភាពថ្ងៃលិច និងការបង្ហោះគោម ដែលបានទាក់ទាញការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរពីគ្រប់ទិសទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បូរី អ្នកគ្រប់គ្រងកំពង់ផែនេសាទសម្តេចពិជ័យសេនា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រុមការងារបានរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅទីនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់អភិវឌ្ឍន៍សក្តានុពលពីមូលដ្ឋាន ឃុំជ្រោយប្រស់ ដែលថ្នាក់ដឹកនាំកសាងជាសមិទ្ធផល និងទាក់ទាញពលរដ្ឋភ្ញៀវទេសចរមកលំហែកម្សាន្តថ្ងៃបុណ្យ។

បើតាមលោក បូរី មូលដ្ឋានឃុំជ្រោយប្រស់ ជាឃុំមួយដាច់ស្រយោល ប៉ុន្តែចាប់តាំងពីមានការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំ ពិសេសដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំផ្សេងៗទៀត បានប្រែក្លាយលេចចេញសមិទ្ធផលសំខាន់ៗមានជាកំពង់ផែ ផ្លូវកៅស៊ូ អាងស្តុកទឹកខ្នាតធំ និងប្រឡាយទឹកជាច្រើនខ្សែ។ លោកគូសបញ្ជាក់ដែរថា សង្រ្កាន្តនៅពេលនេះ អាចនឹងមាននៅឆ្នាំក្រោយៗផងដែរ។

អ្នកស្រី ណៃ ស្រីហេង និងលោក សួន បូរ៉េ ជាប្រជាពលរដ្ឋដែលមកលេងកម្សាន្តសង្រ្កាន្តកំពង់ផែនេសាទសម្តេចពិជ័យសេនា គាំទ្រចំពោះការបង្កើតកម្មវិធីសប្បាយរីករាយអំណឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមរយៈការនាំមកលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត ជិះទូក និងបានឃើញពីសមិទ្ធផលដែលសម្រេចបានកន្លងទៅមក។

ពលរដ្ឋឃុំជ្រោយប្រស់ មើលឃើញថា មូលដ្ឋានរបស់ខ្លួនហាក់មានការអភិវឌ្ឍន៍ច្រើនតាមរយៈការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល មានសម្តេចពិជ័យសេនា ព្រមទាំងឥស្សរជនផ្សេងៗ បានកសាងសមិទ្ធផលផ្តល់ផលប្រយោជន៍ជូនពលរដ្ឋមិនលំបាកដូចពេលមុនៗ។ ពលរដ្ឋដដែល ក៏រំពឹងថា នៅឆ្នាំក្រោយនឹងមានការរៀបចំសង្រ្កាន្តឆ្នាំថ្មីនេះបន្ត និងបួងសួងដល់ប្រទេសកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ៕ អត្តបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម