ព័ត៌មានជាតិ
រង្វង់មូលព្រះវិស្ណុ កំពុងលេចរូបរាង ជួយកាត់បន្ថយហានិភ័យចរាចរណ៍នៅប៉ៃលិន
កាលពីរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារក្រុមជាងចម្លាក់រូបសំណាកព្រះវិស្ណុ សម្រាប់ដាក់នៅរង្វង់មូលថ្មី ស្ថិតលើដងផ្លូវជាតិលេខ ៥៧ កន្លែងផ្លូវបំបែកជា ៤ ចំណុចវត្តអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាព និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។


លោកស្រី បាន ស្រីមុំ មានប្រសាសន៍ថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស មានស្ថិរភាពនយោបាយ ជាពិសេសធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលព្រះវិស្ណុមួយនេះ បានលេចចេញជារូបរាងឡើងនាពេលខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។

លោកស្រី បាន ស្រីមុំ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋសូមនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

រូបសំណាកព្រះវិស្ណុ ដៃ ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយក្នុងសាសនាព្រហ្មញ្ញ–ហិណ្ឌូ និងសិល្បៈខ្មែរ បុរាណ ដោយអត្ថន័យទូទៅព្រះវិស្ណុ ដៃ ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង ៨ សមត្ថភាពការពារពិភពលោកគ្រប់ទិស ការគ្រប់គ្រងសកលលោក និងធម៌ ហើយដៃទាំង ៨ កាន់វត្ថុសក្ការៈផ្សេងៗ ដែលមានន័យជាក់លាក់គឺ «ចក្រ»– យុត្តិធម៌ និងការផ្តន្ទាទោសអំពើអកុសល , «ស័ង្ខ» – សំឡេងសកល ការដាស់ភ្ញាក់ធម៌ , «កដា»– កម្លាំង និងការការពារ , «ផ្កាឈូក»– ភាពបរិសុទ្ធ បញ្ញា និងការកើតឡើងវិញ , «ធ្នូ»– ការត្រៀមការពារ និងការគ្រប់គ្រងសត្រូវ , «ព្រួញ»– ការចាត់ចែង និងការវាយប្រហារលើអំពើអាក្រក់ , «ដាវ»– ប្រាជ្ញា កាត់ផ្តាច់អវិជ្ជា , និង «ខែល ឬ ខ្សែ»– ការការពារ និងការគ្រប់គ្រងអំពើអសុរ(វត្ថុខ្លះអាចខុសគ្នាតាមសិល្បៈ និងសម័យ)៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


