ព័ត៌មានអន្ដរជាតិ
ផ្ទុះរឿងអាស្រូវ ត្រីខកំប៉ុង! ថៃ សម្រេចប្រមូលទំនិញជាង ១៣ ០០០កំប៉ុងចេញពីទីផ្សារវិញ
រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីភ្នាក់ងាររដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានសម្រេចចិត្តបញ្ជាឲ្យប្រមូលទំនិញ និងរឹបអូសត្រីខកំប៉ុងជាង ១៣ ០០០កំប៉ុងចេញពីទីផ្សារ។

តាមការផ្សាយរបស់ The Nation នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វិធានការក្ដៅនេះ បានធ្វើឡើង ក្រោយពេលមន្ត្រីជំនាញ បានចុះទៅត្រួតពិនិត្យរោងចក្រមួយកន្លែង នៅខេត្ត Samut Sakhon ហើយរកឃើញថា រោងចក្រនោះ មិនត្រឹមតែខ្វះអនាម័យតាមស្ដង់ដារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់ត្រីខុសប្រភេទ មិនដូចអ្វី ដែលបានបិទនៅលើស្លាកសញ្ញាផលិតផលទៀតផង។
ដើមចមនៃរឿងនេះ បានផ្ទុះឡើងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីមានអតិថិជនម្នាក់ បានបង្ហោះសារប្ដឹងថា ត្រីខកំប៉ុង ដែលខ្លួនទិញមក ដែលនៅលើសំបកកំប៉ុងសរសេរថាជា «ត្រីស្បៃកា (Mackerel)» ក្នុងទឹកប៉េងប៉ោះ ប៉ុន្តែនៅពេលបើកមកបែរជាឃើញមានសាច់ដូច «ត្រីទីឡាប់យ៉ា» ទៅវិញ។ បញ្ហានេះ បានក្លាយជាកង្វល់ដ៏ធំ សម្រាប់សាធារណជន ដោយសារតែត្រីខកំប៉ុង គឺជាអាហារមូលដ្ឋាន ដែលមានតម្លៃសមរម្យ សម្រាប់គ្រួសារជាច្រើន ខណៈដែលត្រីទីឡាប់យ៉ា គឺជាប្រភេទត្រីទឹកសាប ដែលមានតម្លៃថោកជាងត្រីសមុទ្រស្បៃកា ឆ្ងាយណាស់។
បន្ទាប់ពីទទួលបានដំណឹងនេះ លោកស្រី Supattra Boonserm អគ្គលេខាធិការរងនៃ FDA បានដឹកនាំកម្លាំងសហការជាមួយមន្ត្រីសុខាភិបាលខេត្ត ចុះទៅពិនិត្យរោងចក្រ Sri Rungngam Food ជាបន្ទាន់។ ការចុះត្រួតពិនិត្យ បានរកឃើញភស្តុតាងជាក់ស្ដែងថា ខ្សែសង្វាក់ផលិតកម្ម មិនបានអនុវត្តតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ (GMP) ហើយក៏បានរកឃើញត្រីខកំប៉ុង ដែលប្រើត្រីខុសប្រភេទ ដូចការចោទប្រកាន់មែន។ ជាលទ្ធផល មន្ត្រីបានរឹបអូសត្រីខកំប៉ុងនៅនឹងកន្លែងផលិតបានចំនួន ១២ ៧៦០កំប៉ុង និងតាមហាងលក់រាយបានចំនួន ២៥០កំប៉ុងទៀត សរុបទាំងអស់គឺ ១៣ ០១០កំប៉ុង។
បច្ចុប្បន្ន FDA បានបញ្ជូនសំណាកត្រីទាំងនោះទៅកាន់នាយកដ្ឋានជលផល ដើម្បីធ្វើតេស្តបញ្ជាក់ឲ្យច្បាស់ថា វាជាត្រីប្រភេទអ្វីឲ្យប្រាកដ។ លោកស្រី Supattra Boonserm បានព្រមានថា ប្រសិនបើលទ្ធផលបង្ហាញថាមានការភូតកុហកអតិថិជនមែននោះ ម្ចាស់ផលិតកម្ម អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ដល់ ១០ឆ្នាំ និងត្រូវពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


