Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាអំពាវនាវឱ្យបក្សនយោបាយគួរដាក់ស្រ្ដី និងយុវជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ឱ្យបានច្រើន

បានផុស

នៅ

ពីខេត្តកំពង់ឆ្នាំង លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងអំពាវនាវដល់គ្រប់គណបក្សនយោបាយគិតគូរដាក់បេក្ខភាពស្ត្រី និងយុវជន​ ឱ្យបានច្រើនក្នុងបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈការបោះឆ្នោតនេះនឹងខិតជិតមកដល់នាពាក់កណ្ដាលឆ្នាំ២០២៧ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិចេ្ឆទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦។

លោក ធន់ វឌ្ឍនា បានលើកឡើងក្នុងពេលចុះជួបសួរសុខទុក្ខប្រជាជន និងសមាជិកក្រុមប្រឹក្សាឃុំពាម នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា គ្រប់គណបក្សនយោបាយគួរដាក់ស្រ្ដី និងយុវជន ឱ្យបានច្រើនក្នុងបញ្ជីបោះឆ្នោតពេញសិទ្ធិ ដោយឈរក្នុងលំដាប់លេខរៀង ដែលអាចជាប់ឆ្នោតបានក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២៧។

ជាការរំលឹក នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានបេក្ខភាពស្ត្រីចំនួន១៧៣នាក់ ត្រូវបានជាប់ឆ្នោតជាមេឃុំ និងចៅសង្កាត់ ក្នុងចំណោមមេឃុំ-ចៅសង្កាត់សរុប១ ៦៥២នាក់ទូទាំងប្រទេស។ខណៈបេក្ខភាពយុវជនជាច្រើនរូបដែលមានអាយុចាប់ពី៣៥ឆ្នាំចុះក៏បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយក្នុងនោះមានយុវជនវ័យក្មេងចំនួន៣៧នាក់ បានក្លាយជាមេឃុំ និងចៅសង្កាត់។ ស្ត្រី និងយុវជន ដែលជាប់ឆ្នោតជាមេឃុំ ចៅសង្កាត់ទាំងនេះ គឺសុទ្ធសឹងតែមកពីកូតាគណបក្សប្រជាជនកម្ពុជា។

ជាក់ស្ដែង ក្នុងឃុំពាម ដែលអនុប្រធានព្រឹទ្ធសភាចុះជួបសំណេះសំណាលពេលនេះ ក៏មានស្រ្ដី និងយុវជន ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។ លោកអនុប្រធានព្រឹទ្ធសភា បានកោតសរសើរដល់ក្រុមប្រឹក្សាឃុំពាម ដែលមានសមាជិកជាស្រ្ដី និងយុវជន ក្នុងអត្រាខ្ពស់ ពោលគឺមានស្រ្ដី២រូប និងយុវជន២រូប ក្នុងចំណោមសមាជិកសរុប៧រូប។  

លោកអនុប្រធានព្រឹទ្ធសភាក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការភូមិឃុំមានសុវត្ថិភាព និងបញ្ហាសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាពរបស់ពួកគាត់ និងការអភិវឌ្ឍប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម