Connect with us

ព័ត៌មានអន្ដរជាតិ

មេរោគ Hantavirus ឆ្លងដល់ អ៊ីស្រាអែល ហើយ

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ប្រទេសអ៊ីស្រាអែល បានរាយការណ៍ ពីករណីមេរោគ Hantavirus លើកដំបូង ប៉ុន្តែមិនបញ្ចេញព័ត៌មានលម្អិត អំពីអ្នកជំងឺឡើយ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Maariv, បុគ្គលម្នាក់នោះ ត្រូវធ្វើតេស្តម៉ាស៊ីនធំ ចេញលទ្ធផលវិជ្ជមាន Hantavirus ប៉ុន្តែស្ថានភាពរបស់អ្នកជំងឺ គឺធម្មតា មិនធ្ងន់ធ្ងរដែលចាំបាច់ បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នោះទេ។

ពាក់ព័ន្ធករណីនេះ ក្រសួងសុខាភិបាលអ៊ីស្រាអែល បញ្ជាក់ថា អ្នកជំងឺ ទើបវិលត្រឡប់ មកពីតំបន់អឺរ៉ុបខាងកើត ហើយបច្ចុប្បន្ន កំពុងធ្វើចត្តាឡីស័ក ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ក្រុមគ្រូពេទ្យ។

ការរកឃើញនៅអ៊ីស្រាអែល កើតឡើងចំពេលពិភពលោក កំពុងបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះេមរោគ Hantavirus បន្ទាប់ពីមានមនុស្ស៣នាក់ ស្លាប់ក្នុងនាវាទេសចរ MV Hondius និងឆ្លងរាលដាល ដល់អ្នកដំណើរជាបន្តបន្ទាប់។

(រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) ហាក់ច្រានចោលភាពធ្ងន់ធ្ងរ នៃស្ថានភាពមេរោគនេះ ដោយគូសបញ្ជាក់ថា វាមិនមែនជា កូវីដ-១៩ ថ្មីឡើយ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Maria Van Kerkhove នាយកផ្នែកត្រៀមលក្ខណៈ និងបង្ការរោគរាតត្បាត របស់ WHO និយាយថា៖ «នេះមិនមែនជាជំងឺកូវីដ-១៩ ទេ ហើយក៏មិនមែនជា ជំងឺគ្រុនផ្តាសាយដែរ។ នេះគឺជាការផ្ទុះឡើងនៃមេរោគ នៅលើនាវាមួយគ្រឿង ហើយយើងមិនរំពឹងថា វានឹងបង្កការរាតត្បាត ក្នុងទ្រង់ទ្រាយធំនោះទេ»។

តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីឡើយ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។

(រូប៖ Reuters)

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។

បច្ចុប្បន្ន Hantavirus មិនមានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបាន តាមរយៈរោគសញ្ញាជាក់ស្តែង។

យោងតាម WHO, មានករណីជំងឺនេះ ប្រមាណ ១៥០ ០០០ ករណី នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ដែលភាគច្រើនកើតមាននៅអឺរ៉ុប និងអាស៊ី។ ក្នុងចំណោមករណីទាំងនោះ ជាទូទៅច្រើនជាងពាក់កណ្តាល បានកើតឡើងនៅក្នុងប្រទេសចិន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម