Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះភ្លៀងថ្មីដ៏ខ្លាំងក្លា បោះពួយទៅថៃ បន្ទាប់ពីព្យុះចាស់ បង្កការបំផ្លិចបំផ្លាញ ទើបហើយ

បានផុស

នៅ

ព្យុះភ្លៀងថ្មីមួយទៀត ដែលមានកម្លាំងដ៏ខ្លាំងក្លា កំពុងបោះពួយទៅថៃ ដែលនឹងបោកបក់ លើប្រទេសនេះ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ខណៈព្យុះចាស់ ទើបវាយប្រហារ បង្កការបំផ្លិចបំផ្លាញ ជាពិសេសក្នុងខេត្ត បណ្តាលឲ្យប៉ើងដំបូលផ្ទះ និងអគារ។ 

(រូប៖ The Nation)

យោងតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ ដែលដកស្រង់ដោយ សារព័ត៌មាន Bangkok Post ផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦, ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងវាយប្រហារនៅតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូង។

ដោយសារតែភាពធ្ងន់ធ្ងរ ព្យុះនេះ នឹងបង្កឲ្យមានជំនន់ទឹកភ្លៀង និងបំណាក់ដី ជាពិសេស តំបន់វាលទំនាប និងសហគមន៍ នៅតាមជួរភ្នំតែម្តង។

(រូប៖ Amarin)

បាតុភូតនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើដំណើរទៅកាន់ ភាគខាងលើ នៃឈូងសមុទ្របេងហ្គាល់ ខណៈខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលខ្លាំងជាងមុន មកលើសមុទ្រ អាដាម៉ាន់ និងឈូងសមុទ្រ ថៃ។

មុនពេលព្យុះថ្មីមកដល់ ព្យុះចាស់ បានវាយប្រហារពេញទំហឹង ចំខេត្ត Ubon Ratchathani ជាលទ្ធផល បង្កឲ្យមានការបំផ្លិចបំផ្លាញ ថែមទាំងបោកបំប៉ើងដំបូល នៃចំណតរថយន្ត បាក់សង្កត់រថយន្តចំនួន១៣គ្រឿង បណ្តាលឲ្យខូចខាតផងដែរ។

(រូប៖ Amarin)

មិនត្រឹមប៉ុណ្ណឹង ព្យុះ ក៏បោកបក់មកលើតំបន់ផ្សារ Charoensri បង្កការខូចខាត និងដួលរលំដើមឈើធំៗជាច្រើនដើម ព្រមទាំងបាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្បែរនោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ Amarin, មិនមានរបាយការណ៍អំពីមនុស្សស្លាប់ ឬរបួសនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម