Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ឡេតូនី ប្រកាសលាលែងពីតំណែង ក្រោយ​​ហេតុការណ៍​​រុស្ស៊ី​បង្វែរ​ដ្រូន​​អ៊ុយក្រែន​​​ហោះចូល​ដែន​អាកាស​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីនិន្នាការកណ្តាលស្តាំនិយមនៃប្រទេស ឡេតូនី លោកស្រី Evika Silina បានប្រកាស​នៅ​​ថ្ងៃព្រហស្បតិ៍ទី ១៤ ខែឧសភា ថា លោកស្រីបានលាលែងពីតំណែងហើយ។ ការប្រកាសនេះបានជំរុញ​​ទៅ​ដល់​ការដួលរលំនៃរដ្ឋាភិបាលចម្រុះ​ដឹកនាំ​​​ដោយ​គណបក្ស​របស់លោកស្រី តែប៉ុន្មានខែប៉ុណ្ណោះមុនពេលការបោះឆ្នោតជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែតុលាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយ​ទីភ្នាក់់ងារសារព័ត៌មាន Reuters

មេដឹកនាំ ឡេតូនី ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០២៣ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា៖ «ខ្ញុំលាលែងពីតំណែង ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ»។

លោកស្រី Evika Silina (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ​លោក Andris Spruds មក​ពីគណបក្ស Progressives ត្រូវបានដកហូតតំណែង ជុំវិញការដោះស្រាយបញ្ហាដ្រូន (UAV) របស់អ៊ុយក្រែនដែលត្រូវ​បានបញ្ជា​​បង្វែរទិស​​ពី​រុស្ស៊ី​ហោះចូលក្នុងដែនអាកាសឡេតូនី ។

កាលពីសប្តាហ៍មុន ដ្រូនអត្តឃាតរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនចំនួន ២ គ្រឿង បានហោះចូលបុកដេប៉ូប្រេងដែលគេបោះបង់ចោលមួយកន្លែង ក្បែរទីក្រុង Rezekne ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ ហេតុការណ៍​នេះ​មិន​បណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ លោកស្រី Silina បានស្នើឲ្យលោក Spruds លាលែងពីតំណែង ក្រោមហេតុផលថា ប្រព័ន្ធប្រឆាំងដ្រូន មិនត្រូវបានដាក់ពង្រាយឲ្យបានលឿនរហ័ស ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកនេះ។ លោកស្រី ជឿជាក់ថា «ការប្រកួតប្រជែងនយោបាយ និងផលប្រយោជន៍គណបក្សចង្អៀតចង្អល់» គឺជាមូលហេតុនៃវិបត្តិនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសឡេតូនី ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបញ្ជាក់ថា ដ្រូនដែលពាក់ព័ន្ធទាំងនោះជារបស់អ៊ុយក្រែន ហើយការហោះចូលទៅក្នុងប្រទេសឡេតូនី នេះ គឺបណ្តាលមកពី ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ី។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងពិចារណាបញ្ជូនអ្នកជំនាញទៅជួយពង្រឹងសន្តិសុខអាកាសចរណ៍សម្រាប់បណ្តាប្រទេសបាល់ទិក។

អត្ថបទ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រីការពារជាតិ ឡេតូនី លាលែងតំណែង ក្រោយ​ដ្រូន អ៊ុយក្រែន​ដែល​បញ្ជា​បង្វែរទិស​​ដោយ​រុស្សី​ ធ្លាក់ចំឃ្លាំង​ប្រេង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម