Connect with us

ព័ត៌មានជាតិ

ក្បួនរថយន្ត៣៥គ្រឿងបើកបរចេញពីកម្ពុជាកាត់តាមឡាវទៅចិន ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជារដូវកាលបៃតង

បានផុស

នៅ

រថយន្តចំនួន៣៥គ្រឿង បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីចាកចេញពីប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ខេត្តយូណាន ប្រទេសចិន ក្នុងព្រឹត្តិការណ៍ក្បួនរថយន្តបើកឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង ដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាក្នុងរដូងកាលបៃតង។ ពិធីជូនដំណើរក្បួនរថយន្តរៀបចំនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមទេសចរកម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថាព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែននេះ រៀបចំឡើង ដើម្បីចូលរួមអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន ក៏ដូចជាចូលរួមផ្សព្វផ្សាយយុទ្ធនាការ«រដូវកាលបៃតង ទស្សនាកម្ពុជា»​ ទាក់ទាញភ្ញៀវទេសចរណ៍ឡាវ និងចិន ដែលនិយមធ្វើដំណើរកម្សាន្តតាមរយៈការបើករថយន្ត ឱ្យមកលេងកម្សាន្តនៅទឹកដីកម្ពុជា។

បើតាម លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ក្បួនរថយន្ត Caravan នឹងធ្វើដំណើររយៈពេល២៣ថ្ងៃ ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ក្នុងនោះចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នឹងចេញពីកម្ពុជាឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ខេត្តយូណាន ប្រទេសចិន បន្ទាប់មកត្រឡប់មកដល់ខេត្តសៀមរាបនាថ្ងៃទី១៤ ខែមិថុនា។

ប្រធានសមាគមទេសចរណ៍កម្ពុជា សង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះដូច្នេះថា​​៖« ដើម្បីយើងផ្សព្វផ្សាយយកភាពទាក់ទាញយកភ្ញៀវទេសចរតាមរយៈក្បួនរថយន្តដែលភ្ញៀវចិន ភ្ញៀវឡាវ ដែលគាត់ចូលចិត្តធ្វើដំណើរទេសចរតាមរយៈការបើកបររថយន្តដោយខ្លួនឯង។ ចឹងជាការផ្សព្វផ្សាយជាការផ្លាស់ប្ដូរ វប្បធម៌​ និងសេដ្ឋកិច្ច។ »។

លោកស្រី ឆាយ ស៊ីវលីន បន្ថែមថា ៖«ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបញ្ចាំងពីមធ្យោបាយធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយសម្រាប់អ្នកដែលចូលលេង កែច្នៃឡាន ធ្វើដំណើរជុំវិញពិភពលោក។ យើងនឹងធ្វើការទាក់ទាញជាពិសេសភ្ញៀវទេសចរចិនដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយឡាវ គាត់ចូលចិត្តធ្វើដំណើរតាមក្បួនរថយន្តបែបនេះ។ ព្រឹត្តិការណ៍នេះ ក៏ឆ្លុះបញ្ជាំងអំពីសាមគ្គីភាព ការផ្លាស់ប្ដូរវប្បធម៌ ការផ្លាស់ប្ដូរសក្ដានុពល ការបង្ហាញនូវសក្ដានុពលទេសចរណ៍។»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ លើកឡើងថា ព្រឹត្តិការណ៍ក្បួនរថយន្តបើកឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង គឺជាព្រឹត្តិការណ៍ទី១១  ក្នុងចំណោមព្រឹត្តិការណ៍ទាំង១២ ដែលកម្ពុជា-ចិន  បានរៀបចំ ដើម្បីចូលរួមអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន។

ក្នុងឆ្នាំ២០២៥ ភ្ញៀវ​ទេសចរចិនដែល​​ធ្វើ​ដំណើរ​មក​កាន់កម្ពុជា​​មាន​ដល់​ជាង ១ ២០១ ៦៨១នាក់ ពោលគឺបានកើន៤១,៥ភាគរយ ធៀបនឹងឆ្នាំ២០២៤។  នេះបើតាមទិន្នន័យផ្លូវ​ការ​​​ក្រសួង​ទេសចរណ៍៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម