Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនមីយ៉ាន់ម៉ា ទម្លាក់គ្រាប់ ឆេះផ្ទះជនស៊ីវិល ជាង ៨០ខ្នង នៅរដ្ឋការ៉ែន ជាប់ព្រំដែនថៃ

បានផុស

នៅ

ស្ថានការណ៍នៅតំបន់ខាងមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ កំពុងក្តៅ ដោយកងកម្លាំងលោក មីន អ៊ុងឡាំង បើកការវាយប្រហារថ្មីទៀត ដែលលើកនេះគឺប្រើដ្រូនទម្លាក់គ្រាប់ ដ៏សាហាវ នៅរដ្ឋ ការ៉ែន។

(រូប៖ Amarin)

តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kantaravadi ប្រចាំរដ្ឋការ៉ែន នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦, ការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលលើកនេះ បានបណ្តាលឲ្យផ្ទះជនស៊ីវិលជាង ៨០ខ្នងឆាបឆេះ ជាហេតុនាំឲ្យមនុស្សជាង ៥០០នាក់ បាត់បង់ទីស្នាក់អាស្រ័យ។ 

យោងតាមប្រភពដដែល ការវាយប្រហារនេះកើតឡើង ក្នុងតំបន់ Hpruso ដែលជាសមរភូមិក្តៅ រវាងទាហានការ៉ែន ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ា រយៈពេលរាប់ឆ្នាំមកហើយ។

(រូប៖ Amarin)

សមរភូមិក្តៅនេះ គឺស្ថិតនៅចម្ងាយមិនឆ្ងាយប៉ុន្មានឡើយ ពីខេត្ត Mae Hong Son របស់ថៃ ដែលនាំឲ្យអាជ្ញាធរ និងពលរដ្ឋថៃ កំពុងប្រុងប្រយ័ត្ន និងតាមដានសភាពការណ៍ យ៉ាងជាប់។

មុននេះ ដ្រូនអត្តឃាតមីយ៉ាន់ម៉ា មួយគ្រឿង បានហោះធ្លាយចូលដីថៃ បណ្តាលឲ្យផ្ទុះ ស្លាប់មនុស្សចំនួន ៣នាក់ និងរបួសធ្ងន់ ២នាក់ទៀត។

(រូប៖ Amarin)

ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុក Phop Phra ខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលកំពុងមានការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ រវាងកងកម្លាំងប្រឆាំង និងទាហានរបស់រដ្ឋាភិបាល។

យ៉ាងណា ក្រោយមក ថៃអះអាងថា មនុស្សស្លាប់ទាំងនោះ គឺមិនមែនជាជនជាតិខ្លួនទេ ប៉ុន្តែជាពលករចំណាកស្រុក ជនជាតិមីយ៉ាន់ម៉ា ចំណែកអ្នករបួស ២នាក់ទៀត ក៏ជាជនជាតិមីយ៉ាន់ម៉ា ដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម