Connect with us

ជីវិតកម្សាន្ដ

សមាជិកគ្រួសារលោក គង្គ ប៊ុនឈឿន សុំឱ្យអ្នកផលិតចម្រៀង AI បង្កើតស្នាដៃថ្មី កុំប៉ះពាល់ចម្រៀងមរតកដើម នាំឱ្យបាត់តម្លៃ

បានផុស

នៅ

អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក និងត្រូវជាសមាជិកគ្រួសាររបស់អតីតកវីនិពន្ធដ៏ល្បីល្បាញ លោក គង្គ ប៊ុនឈឿន ឈ្មោះ ប៊ុនឈឿន សូរីវិល័យ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះសារបញ្ចេញទស្សនៈពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការផលិតបទចម្រៀង ដោយអំពាវនាវឱ្យអ្នកបង្កើតមាតិកា AI គោរពស្នាដៃដើម និងផ្តល់តម្លៃដល់ម្ចាស់ស្នាដៃពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក គង្គ ប៊ុនឈឿន បានសម្តែងក្តីបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការផលិតបទចម្រៀង ដោយណែនាំថា អ្នកបង្កើតស្នាដៃ AI គួរតែផ្តោតលើការនិពន្ធបទថ្មីទាំងទំនុកច្រៀង និងបទភ្លេងដោយខ្លួនឯង ជាជាងយកបទចម្រៀងមរតកដើមដែលមានស្រាប់មកកែច្នៃ ឬបម្លែងទៅជាទម្រង់ថ្មី ព្រោះអាចធ្វើឱ្យបាត់បង់អត្តសញ្ញាណ ព្រមទាំងតម្លៃសិល្បៈដើមដែលម្ចាស់ស្នាដៃបានបន្សល់ទុក។

ប្រភពដដែល ក៏បានអំពាវនាវឱ្យមានការគោរពកម្មសិទ្ធិបញ្ញា និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ និងអ្នកចម្រៀងដើម ដូច្នេះថា “សូមកុំយកបទមរតកដើមទៅក្រឡៃដើម្បីឲ្យបាត់សភាពម្ចាស់បទម្ចាស់ដើមគេ ខ្លះដូរភាសារទៀត យកកម្រៃលើកម្លាំងញើសឈាមដែលគេមានស្រាប់ ធ្វើឱ្យបាត់តម្លៃហើយច្របូកច្របល់ពេញហ្នឹង បាត់អស់កម្មសិទ្ធិបញ្ញា“។

ការយកបទចម្រៀងដែលមានស្រាប់ មកកែប្រែតាមរយៈ AI បែបនេះ ក៏ត្រូវបានចាត់ទុកថា មិនត្រឹមតែអាចបង្កឱ្យមានការភាន់ច្រឡំចំពោះសាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា និងសិទ្ធិរបស់អ្នកនិពន្ធ និងអ្នកចម្រៀងដើមផងដែរ ជាពិសេសនៅពេលដែលមិនមានការបញ្ជាក់ឈ្មោះម្ចាស់ស្នាដៃឱ្យបានត្រឹមត្រូវ។

អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក គង្គ ប៊ុនឈឿន បន្ថែមថា សូម្បីតែក្រុមគ្រួសាររបស់ខ្លួន ដែលជាម្ចាស់ស្នាដៃបទចម្រៀងជាច្រើនរបស់លោក គង្គ ប៊ុនឈឿន ក៏មិនបានយកស្នាដៃទាំងនោះទៅកែច្នៃជាបទ AI ដែរ ព្រោះចង់រក្សាភាពដើមនៃមរតកសិល្បៈ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ និងអ្នកចម្រៀងដែលមានសមត្ថភាពពិតប្រាកដ។

ជាមួយគ្នានេះ សមាជិកគ្រួសារលោក គង្គ ប៊ុនឈឿន ក៏បានបញ្ជាក់ថា ខ្លួនមិនបានប្រឆាំងនឹងបច្ចេកវិទ្យា AI នោះទេ ដោយទទួលស្គាល់ថា AI អាចជួយសម្រួលការងារបានច្រើន ប្រសិនបើប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសមស្រប។ តួយ៉ាង ខ្លួនផ្ទាល់ក៏ធ្លាប់សាកល្បងបង្កើតបទចម្រៀង AI ផងដែរ ប៉ុន្តែដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីនេះ និងសម្រាប់ស្តាប់ផ្ទាល់ខ្លួន ប៉ុណ្ណោះ ខណៈក៏តែងតែបញ្ជាក់យ៉ាងច្បាស់ថា ជាស្នាដៃដែលបង្កើតដោយ AI ព្រោះជាក់ស្តែង វាមិនមែនជាសមត្ថភាពពិត ១០០% ទេ ។

ការលើកឡើងខាងលើ បានទទួលការចាប់អារម្មណ៍ និងឯកភាពពីសាធារណជន និងអ្នកសិល្បៈជាច្រើនផងដែរ ខណៈដែលការប្រើប្រាស់ AI ក្នុងវិស័យសិល្បៈ និងតន្ត្រី កំពុងក្លាយជាប្រធានបទដែលមានការពិភាក្សាយ៉ាងទូលំទូលាយជុំវិញការការពារកម្មសិទ្ធិបញ្ញា និងការគោរពស្នាដៃដើមរបស់សិល្បករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម