ព័ត៌មានជាតិ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី ៣ មានអ្នកចូលរួមជិត ២ ម៉ឺននាក់
ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៣ បានប្រារព្ធឡើងរយៈពេល៣ថ្ងៃពេញនៅ មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ ១៨ ១៩ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការខកខានកាលពីឆ្នាំមុន ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកល កូវីដ១៩។ ទោះបីជាមានការខកខានមួយឆ្នាំ តែការចូលរួមទស្សនាកម្មវិធី នាឆ្នាំនេះ គឺមានសន្ទុះចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅ។

ក្នុងនោះដែរ ការចូលរួមពីសំណាក់សិស្សានុសិស្ស និងនិស្សិត គឺមានចាប់ពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សាដែលមកពីរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តនានា ដោយមានអត្រាកើនឡើងគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ សរុបប្រមាណជិត ២ ម៉ឺននាក់។

លើសពីនេះទៅទៀត ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យា លើកទី៣ ពិតជាមានកិត្តិយស ដោយមានការអញ្ជើញចូលរួមទស្សនាពីសំណាក់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងក្រុមការងារអគ្គមេបញ្ជាការកងទ័ពអាកាស នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នេះដែលជាថ្ងៃបិទបញ្ចប់នៃកម្មវិធី។



គួរបញ្ជាក់ផងដែរថា ក្នុងការតាំងពិព័រណ៍នេះ គឺមានការដាក់តាំងបង្ហាញនូវស្នាដៃបច្ចេកវិទ្យាថ្មីៗ ដែលផលិតដោយសិស្សានុសិស្ស និងសិស្សនិស្សិត ជាច្រើនដូចជា ការដាក់បង្ហាញនូវដ្រូន ដែលអាចដឹកមនុស្សបាន ដ្រូនកសិកម្ម មនុស្សយន្តបម្រើសេវាកម្មដឹកជញ្ជូនចំណីអាហារ គំរូកូនផ្កាយរណបដែលអាចថតយករូបភាពស្រទាប់ទីពីរនៃផែនដីរបស់សាលារៀនអ៊ីធូស្ទែម និងស្នាដៃបច្ចេកវិទ្យាជាច្រើនទៀត ក្នុងគោលបំណងដើម្បីបំផុសទឹកចិត្តយុវជនដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យារបស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនដល់សាធារណជននិងអ្នកដែលបានមកចូលរួមទស្សនាទាំងអស់ដើម្បីទទួលយកបទពិសោធន៍និងចំណេះដឹងថ្មីៗ។



អ្វីដែលអស្ចារ្យនោះគឺ កម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ មិនមែនត្រឹមតែមានការដាក់តាំងបង្ហាញតែប៉ុណ្ណោះទេ ក្នុងនោះក៏មានការប្រកួតលើវិញ្ញាសារ៉ូបូតមនុស្សយន្ត និងយន្តហោះកៅស៊ូផងដែរ។ ជាមោទកភាព ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងកងទ័ពជើងអាកាស ក្នុងគោលបំណង លើកទឹកចិត្ត ផ្ដល់ឱកាស និងបើកវិថីឲ្យយុវជនសតវត្សទី២១ បានសិក្សាស្វែងយល់បន្ថែមទៅលើផ្នែកអាកាសចរណ៍ យន្តហោះ បច្ចេកវិទ្យា គួបផ្សំនឹងវិទ្យាសាស្ត្រ STEM ដើម្បីជាទំពាំងដ៏រឹងមាំសម្រាប់ស្នងឫស្សីល្អនាថ្ងៃអនាគត និងជាធនធានមនុស្សដ៏ប្រសើរដើម្បីជួយជ្រោមជ្រែង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យក្លាយជាប្រទេសអភិវឌ្ឍ និងដើរតាមទាន់បដិវត្តឧស្សាហកម្ម 4.0៕





-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន