ព័ត៌មានជាតិ
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជារឿងចម្បងដែលរារដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ បានជំរុញនិងយកចិត្តទុកដាក់
បច្ចុប្បន្ន អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា មានចំនួនច្រើន និងខ្ពស់ជាងចំនួនអ្នកស្លាប់ដោយជំងឺអេដស៍ គ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីនទៅទៀត។ ហេតុនេះទើបរាជរដ្ឋាភិបាលក៏ដូចជាអង្គការស្ថាប័នពាក់ព័ន្ធខិតខំរិះរកគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍និងច្បាប់ចរាចរណ៍ទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ជនបទបានជ្រួតជ្រាប និងចូលរួមចំណែកទាំងអស់គ្នាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតមួយទាបបំផុត។

យោងតាមរបាយការណ៍បណ្ដោះអាសន្ននៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់ ២១៥២នាក់ និងរបួសធ្ងន់ ៤០៩៧នាក់។ ចំនួននេះបង្ហាញថាមានការកើនឡើងខ្ពស់ គួរឲ្យព្រួយបារម្ភបើធៀបទៅនឹងឆ្នាំ២០១៨។ មូលហេតុធំៗដែលបង្កឲ្យមានគ្រោះថ្នាក់ គឺបណ្ដាលមកពីបើកបរហួសល្បឿនកំណត់៤៦% វ៉ាជែងដោយគ្រោះថ្នាក់១២% មិនគោរពសិទ្ធអាទិភាព១២%, មិនប្រកាន់ស្តាំ៨%, និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៥%។
ដោយឡែក យោងតាមរបាយការណ៍ ការិយាល័យនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញថា រយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩១៦លើក បណ្ដាលឲ្យមានជនរងគ្រោះដល់ជីវិតចំនួន៤៩៣នាក់ និងរបួសធ្ងន់ធ្ងរចំនួន៨៤៦នាក់។ បើទោះជាចំនួននេះមានការថយចុះបន្តិចបន្តួច ប៉ុន្តែជាមធ្យម មនុស្ស៥នាក់បន្តបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។


លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នៃគម្រោងកែលំអផ្លូវជនបទជំហានទី២បានប្រាប់ឲ្យដឹងថា ដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជនបទដែលកំពុងនឹងបានកសាង និងខ្លះទៀតកសាងរួចរាល់ជាស្ថាពរហើយនោះ យុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំឡើងព្រមៗគ្នានៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។ យុទ្ធនាការបានប្រារព្ធឡើងនៅតាមបណ្ដោយនៃខ្សែផ្លូវជនបទរបស់គម្រោង ដោយរួមបញ្ចូលនូវសកម្មភាពសំខាន់ៗ មានដូចជាការបង្ហាញសារអប់រំអំពីចរាចរណ៍ អប់រំទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងសហគមន៍ តាមរយៈ ការចែកខិត្តប័ណ្ណ បិទប៉ុស្ទ័រ តាំងបដាលើដងផ្លូវ ជាមួយនឹងសារអប់រំក្រើនរំលឹកតាមឧគ្ឃោសនសព្ទ ដោយក្បួនគោយន្ត ម៉ូតូកង់បី ពិសេសនៅទីប្រជុំជនក្នុងសហគមន៍ ក៏ដូចជាផ្សព្វផ្សាយផ្ទាល់មាត់ដល់ប្រជាពលរដ្ឋពីវិធានសុវត្ថិភាពដែលអាចយកទៅអនុវត្ត។ ក្រៅពីនោះ ក៏មានការដំឡើងស្តង់នៅតាមទីផ្សារនិងទីប្រជុំជនដែលមានប្រជាពលរដ្ឋអាចមើលឃើញ និងឆ្លងកាត់ច្រើន ដោយបង្កភាពសប្បាយរីករាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមផុលផុស តាមរយៈការចូលរួមឆ្លើយសំណួរជាមួយរង្វាន់ ក្នុងទិសដៅបង្កើតឥរិយាបថធ្វើដំណើរសុវត្ថិភាព។
ដោយឡែកក្រុមគ្រូបង្គោលសុវត្ថិភាពចរាចរណ៍នៅតាមសហគមន៍ដែលមានដូចជា មេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំ ប្រធានភូមិ ភ្នាក់ងារនគរបាល គ្រូបង្រៀន ព្រះសង្ឃ និងលោកអាចារ្យក៏បានចូលរួមជួយផ្សាយសារអប់រំ និងក្រើនរំលឹកអ្នកភូមិឲ្យយកចិត្តទុកដាក់ពីសុវត្ថិភាពចរាចរណ៍ផ្ទាល់ខ្លួននិងកូនចៅ ដោយប្រតិបត្តិឥរិយាបថសុវត្ថិភាពរាល់ពេលធ្វើដំណើរមានជាអាទិ៍ មិនបើកបរហួសល្បឿនកំណត់ មិនបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង ការពាក់មួកសុវត្ថិភាព និងរួមគ្នាអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍សម្រាប់តំបន់សាលារៀនជាដើម។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីសុវត្ថិភាពចរាចរណ៍ និងជំរុញប្រជាពលរដ្ឋក្នុងសហគមន៍គ្រប់ៗរូបគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរលើដងផ្លូវ និងបន្តផ្សព្វផ្សាយជារឿយៗដល់សមាជិកគ្រួសារ កូនចៅ មិត្តភ័ក្ដិ និងអ្នកភូមិជាមួយគ្នា។ យុទ្ធនាការនេះជាផ្នែកមួយ នៃសកម្មភាពអតិភាព របស់កម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែលកំពុងចូលរួមចំណែកអនុវត្តស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ៕
អត្ថបទ៖ វត្តី

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?