សេដ្ឋកិច្ច
ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបាន ២៦លានដុល្លារ
កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានទឹកប្រាក់ចំនួន ២៦ លានដុល្លារ ហើយមានការកើនឡើងជិត ៤០ភាគរយ បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ នៅក្នុងជំនួបរវាងលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាកម្ពុជា នាថ្ងៃទី ២៧ ខែមករាម្សិលមិញ ដើម្បីពិភាក្សាអំពីការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឲ្យបានខ្ពស់ថែមមួយកម្រិតទៀត។
ក្នុងជំនួបនេះលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ដល់លោកឯកអគ្គរាជទូត ដែលចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងការពង្រឹងចំណងមិត្តភាព និងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ឲ្យទទួលបាននូវវឌ្ឍនភាពវិជ្ជមាន ជាច្រើនកន្លងមក។
ចំណែកលោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានកោតសរសើរ ចំពោះការរីកចំរើនលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។
ដើម្បីសម្រេចនូវគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លោកឯកអគ្គរាជទូត បានស្នើឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស/ស្ថាប័នរដ្ឋ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការទៅវិញទៅមក ផ្គូផ្គងដៃគូធុរកិច្ច-វិនិយោគ និងការផ្លាស់ប្តូរមុខទំនិញសក្តានុពល រវាងទីផ្សារនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោករដ្ឋលេខាធិការ បានគាំទ្រលើគ្រប់សំណើខាងលើ និងសង្ឃឹមថាថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមានការរៀបចំជំនួបទ្វេភាគី រវាងលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ នាពេលខាងមុខ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានសំណូមពរភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ឬអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតគណៈកម្មការចម្រុះរួម ដើម្បីផ្លាស់ប្តូរយោបល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ពាក់ព័ន្ធ នឹងការឈរឈ្មោះជាបេក្ខភាព ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកឆ្នាំ ២០៣០ និងស្នើសុំការគាំទ្រពីកម្ពុជា លោករដ្ឋលេខាធិការ បានឆ្លើយតបដោយអបអរសាទរ ចំពោះការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះការចូលរួមប្រកួតប្រជែង និងសូមជូនពរប្រទេសអារ៉ាប៊ីសាអូឌីត ឲ្យទទួលបានសំឡេងឆ្នោតគាំទ្រច្រើន ពីសមាជិក BIE (Bureau International of Expositions) នាពេលខាងមុខ ហើយកម្ពុជានឹងត្រៀមខ្លួន ចូលរួមសហការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងករណីដែលប្រទេសអារ៉ាប៊ីសាអូឌីត ឈ្នះការបោះឆ្នោត។
សូមជម្រាបជូនថា ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦ លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ដោយឡែកកម្ពុជានាំចូលមុខទំនិញសំខាន់ៗ ពីអារ៉ាប៊ីសាអូឌីតមានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


