Connect with us

សេដ្ឋកិច្ច

​ការដោះដូរ​ទំនិញ​​កម្ពុជា ​ជាមួយ​ប្រទេស​ដៃគូ​អាសិប​ សម្រេច​បានជាង ​៣,៧ ​ពាន់លានដុល្លារ​

បានផុស

នៅ

ការដោះដូរទំនិញ​កម្ពុជា​ជាមួយប្រទេសជា​សមាជិកនៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) ​មាន​ទំហំទឹកប្រាក់ប្រមាណ ​៣,៧៦ ​ពាន់លានដុល្លារ ​នៅ​ក្នុង​ខែមករា ​ឆ្នាំ ២០២៦ ​កើនឡើង ​១៤,៧៥% ​ធៀប​នឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ​នេះ​បើយោង​តាម​របាយ​ការណ៍​របស់​​​​​អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័របស់ GDCE បង្ហាញថា នៅខែមករា ឆ្នាំ ២០២៦ ការដោះដូរទំនិញ​កម្ពុជា​ជាមួយប្រទេសជា​សមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៣,៧៦ ​ពាន់លានដុល្លារ ក្នុងនោះកម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ​៩២៧ លានដុល្លារ កើនឡើង ១៩,៣៤% ចំណែកឯការនាំចូលពីប្រទេសជាសមាជិក មានតម្លៃ ២,៨៣ ពាន់លានដុល្លារ កើន ១៣,៣២%។​

​​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីថា ​កម្ពុជាបានអនុវត្តនូវកិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ធ្វើឱ្យការដោះដូរទំនិញជាមួយ​ប្រទេស​ជា​សមាជិកកើនឡើង​ ដែលមាន​អូស្ត្រាលី ចិន ជប៉ុន នូវែល​សេឡង់ និង​កូរ៉េ​ខាង​ត្បូង បូកជា​មួយអាស៊ាន។​

​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា ​យន្តការក្នុង​ការជំរុញ​ការ​នាំ​ចេញ​ទំនិញកម្ពុជារួមមាន​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​និង​កិច្ចព្រម​ព្រៀងសេដ្ឋកិច្ច​ក្នុងតំបន់​ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ ​និង​បង្កើនភាព​ទុកចិត្តជា​ដៃគូពាណិជ្ជកម្ម។​

​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ​រដ្ឋាភិបាល​នឹងបន្តខិតខំ ​ដើម្បីធ្វើយ៉ាងណា​ឱ្យផលិត​ផលកម្ពុជា​ក្លាយជា​ផលិតផល​ដែល​ទទួល​បានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។ ​

​កិច្ច​ព្រម​ព្រៀង RCEP ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន ​បច្ចុប្បន្ន​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​(FTA) ​ឈាន​មុខ​គេ​ទូទាំង​ពិភព​លោក ​ដែល​រួម​មាន​ប្រទេស​ចំនួន ១៥​។ ​ក្នុង​នោះ​រួមមាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ​និង​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សំខាន់ៗ​ចំនួន​៥​ទៀត​គឺ​អូស្ត្រាលី ចិន ជប៉ុន នូវែល​សេឡង់ និង​កូរ៉េ​ខាង​ត្បូង។

​នៅក្នុងឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយប្រទេសសមាជិក ​RCEP ​មានទំហំទឹកប្រាក់​ប្រមាណ ​៤០,២៣ ​ពាន់លានដុល្លារ ​កើនឡើង ១៦,២៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ ​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែកឯការនាំចូល​ប្រទេស​ជាសមាជិក​មានទឹក​ប្រាក់​ប្រមាណ ​៣០,៤៤ ​ពាន់លានដុល្លារ ​កើន ១៩,៥៨%​៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម