ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បកស្រាយពាក្យថា “អរគុណសន្តិភាព” ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផល គម្រោងសមាហរណកម្មការបោសសម្អាតមីន
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផល គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ នៅស្រុកសំទ្បូត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពន្យល់ថា “អរគុណសន្តិភាព” គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្គ្រាម ដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន។ ជាក់ស្តែងនៅក្នុងស្រុកសំឡូតនេះផ្ទាល់ ដែលធ្លាប់ឆ្លងកាត់ផ្ទាល់នូវដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលពោរពេញដោយការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ ដែលពីមុនពោរពេញដោយផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋអាចរស់នៅ និងប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា សមិទ្ធផល ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺមិនអាចកើតមានឡើងដោយចៃដន្យនោះឡើយ ពិតណាស់ទាំងនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដោយក្នុងដំណាក់កាលនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតជាដើមទុនអញ្ជើញចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតនេះក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការត្រេកអរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំទ្បូត ក៏ដូចជាប្រជាជនយើងនៅទូទាំងខេត្តបាត់ដំបងប៉ៃលិន និងពោធិ៍សាត់ ចំពោះការទទួលបាននូវសមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនចំនួន០៤ គម្រោងក្នុងដំណាក់កាលទី១នេះ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២នេះ ដែលក្នុងនោះរួមមាន៖
ទី១, ការរំដោះផ្ទៃដីចម្ការមីន គ្រាប់បានចំនួនជាង០២ ម៉ឺនហិកតា ដោយកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទបានប្រមាណជាង១២ ម៉ឺនគ្រាប់។

ទី២, ការឆ្លើយតបនឹងសំណើពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍បានប្រមាណជាង៥ពាន់សំណើ និងបានផ្តល់ការអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាង២៩ ម៉ឺននាក់។
ទី៣, ការសាងសង់ផ្លូវជនបទចំនួន៣២ ខ្សែ មានប្រវែងសរុបប្រមាណ១១៥ គីទ្បូម៉ែត្រ, សំណង់បង្ហូរទឹកគ្រប់ប្រភេទបានចំនួន២១៩កន្លែង, ស្រះទឹកសហគមន៍ចំនួន០៥កន្លែង, ស្ពានបេតុងចំនួន០៥ កន្លែង, ផ្សារសហគមន៍០១ កន្លែង និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ ហិកតា។

ទី៤, ប្រជាពលរដ្ឋបានទទួលផលផ្ទាល់ និងប្រយោលពីគម្រោងទាំង០៤ នេះ មានចំនួនជិត១៣ ម៉ឺន គ្រួសារស្មើនឹងជិត៤៧ ម៉ឺននាក់៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


