ព័ត៌មានជាតិ
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ អាចធ្វើប័ណ្ណព្រំដែន ចាប់ពីដើមខែឧសភានេះតទៅ
ចាប់ពីដើមខែឧសភា ឆ្នាំ២០២២នេះតទៅ ប្រជាពលរដ្ឋដែលមានអាសយដ្ឋានស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត អាចមកធ្វើ ឬបន្តសុពលភាពប័ណ្ណព្រំដែន នៅ ច្រកចេញចូលតែមួយ សាលាក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដើម្បីសម្រួលដល់ពេលវេលា នៃការស្នើសុំធ្វើបណ្ណព្រំដែន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ចំនួន០៣រូប មកប្រចាំការ ដើម្បីសម្របសម្រួលបំពេញនីតិវិធី ទទួលពាក្យស្នើសុំធ្វើបណ្ណព្រំដែនរបស់ប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ ក្រុងប៉ោយប៉ែត ស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដូច្នេះប្រជាពលរដ្ឋ អាចមកទទួលសេវាធ្វើបណ្ណព្រំដែន ជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នេះតទៅ នៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ថ្ងៃធ្វើការ ពីថ្ងៃច័ន្ទ-សុក្រ ពេលព្រឹកម៉ោង ៧:៣០ នាទី ដល់ ១១:៣០នាទី ពេលរសៀលម៉ោង ១៣:៣០ នាទី ដល់ ១៧:៣០ នាទី។

ឯកសារភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត-បញ្ជាក់កំណើតចំនួន១ច្បាប់ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់ រូបថតសាមីខ្លួនបច្ចុប្បន្ន ៤×៦ ចំនួន០២សន្លឹក រូបថតកូន ៣×៤ ចំនួន០២សន្លឹក (ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម) ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងបណ្ណព្រំដែន។ រយៈពេលផ្តល់សេវា (៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើបណ្ណព្រំដែន ត្រឹមតែ ២០,០០០៛ (ពីរម៉ឺនរៀល) ប៉ុណ្ណោះ ដោយមិនមានការទាមទារលើសកម្រៃសេវា ដែលបានបញ្ជាក់ជូនខាងលើនោះទេ។ ករណីមានការទាមទារលើសកម្រៃសេវា សូមផ្តល់ព័ត៌មានមកខ្ញុំបាទផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ 017 836 529 095 500 003 ឬ 011 306 600 ដើម្បីមានវិធានការ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី តម្លៃ និងសុពលភាពនៃការធ្វើប័ណ្ណព្រំដែនថ្មី និងការបន្តសៀវភៅ ឬសុពលភាពប័ណ្ណព្រំដែន ដោយបានកំណត់ថា ១ ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (ថ្មី) តម្លៃ ២០ ០០០រៀល ក្នុង១ប័ណ្ណ។ ២ ការបន្តសៀវភៅប័ណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃ ២០ ០០០រៀល ក្នុង១ប័ណ្ណ។ ៣ ការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃ ១០ ០០០រៀល (សៀវភៅចាស់) មានសុពលភាពរយៈពេល២ឆ្នាំ៕
អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


