Connect with us

សេដ្ឋកិច្ច

លោក ជា ចាន់តូ ៖ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញនានាកើនឡើងភ្លាម

បានផុស

នៅ

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ដោយសារបញ្ហាដុល្លារូប-នីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់ មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកសង្កត់ធ្ងន់ថា កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ បញ្ហាទាំងនេះ លោក ជា ចាន់តូ អះអាងថា អាចដោះស្រាយបាន។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃពុធនេះ លោក បានលើកឡើងថា ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានគាំទ្រជាចម្បងដោយកត្តា៣។ ទី១. កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ ។ នេះជាមោទនភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។

ចំណែក ទី២. ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានតួនាទីរក្សាតម្លៃប្រាក់រៀល និងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន។

ដោយឡែក កត្តាទី៣វិញ គឺ ការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក ជា ចាន់តូ ដដែល៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម