ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែតកោតសរសើរ GMAC ខិតខំអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងអបអរសាទរចំពោះសមាគមរោងចក្រត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជាសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្ម។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅថ្ងៃទី ១៧ ខែវិច្ឆិកា។ ឯកឧត្តម ហ៊ុន ម៉ាណែតបានបន្តថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
គិតត្រឹមខែតុលា ឆ្នាំ ២០២២ ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់។ ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទើបកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។

ជាមួយគ្នានោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតក៏បានកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គមនានាប្រកបដោយបេះដូង និង ស្មារតីសប្បុរសធម៌ខ្ពស់។ ជាក់ស្តែង, ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, GMAC ឬ TAFTAC បានចូលរួមបរិច្ចាកជាថវិកា និងសម្ភារបរិក្ខារជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរជាពិសេសបានកៀរគរសមាជិករបស់ខ្លួន ដើម្បីជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការជួលអគារសម្រាប់ធ្វើជាមណ្ឌលសម្រាប់ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩។ ខណៈនេះ GMAC ឬ TAFTAC បានរួមសហការគ្នាប្រមូលថវិកាសម្រាប់ជួយដល់ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” នៅក្នុងពិធីប្តូរឈ្មោះរបស់សមាគម។
ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីស្មារតីយកចិត្តទុកដាក់ខ្ពស់មួយទៀតរបស់ GMAC ឬ TAFTAC ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដែលនៅជាហានិភ័យនៅឡើយចំពោះសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាប្រមាណជាង ១ លាននាក់ ដែលរស់នៅតាមតំបន់ដែលសង្ស័យថាមានមីននៅឡើយ។

បើតាមឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។
ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»។ ជាក់ស្តែង, តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ, ទៅជាដីភូមិឋានដ៏មានសុភមង្គល, ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ, មិនមានក្តីកង្វល់ពីសុវត្ថិភាព, មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ, ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង។

ជាមួយនឹងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់, កម្ពុជាបានប្តេជ្ញាចិត្តថានឹងសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥», តាមរយៈ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធាន និងដឹកនាំគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួលដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និងមានការគាំទ្រពីកងយោធពលខេមរភូមិន្ទក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង