ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កំពុងពិចារណាអំពីការស្នើឲ្យកំណត់អ្នកនយោបាយមានសញ្ជាតិខ្មែរតែមួយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្ដេច កំពុងពិនិត្យពិចារណាស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយមានសញ្ជាតិខ្មែរតែមួយ នៅពេលដែលចង់ធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះថា កន្លងមក នៅពេលមានការអនុវត្តច្បាប់ទៅលើបុគ្គលមួយចំនួន ដែលជាអ្នកនយោ បាយ ត្រូវបានមជ្ឈដ្ឋានបរទេសខ្លះ និយាយថា បុគ្គលនោះ មានសញ្ជាតិនេះ ឬមានសញ្ជាតិនោះ ដែលនាំឲ្យមានការប៉ះពាល់ដល់ការអនុវត្តច្បាប់របស់កម្ពុជា។ ដូច្នេះសម្ដេច កំពុងតែពិនិត្យពិចារណាថា នឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយនៅកម្ពុជា មានសញ្ជាតិខ្មែរតែមួយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅមិត្តភក្ដិបរទេសទាំងឡាយ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះ ត្រូវទទួលការប្ដឹងផ្ដល់ ឬក៏ជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូច្នេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យមានសញ្ជាតិតែមួយតែម្ដង កុំឲ្យវាពិបាក»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មិត្តភក្ដិបរទេសមួយចំនួនថា នៅពេលប្រជាពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើនយោបាយនៅកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិក្នុងការអនុវត្តច្បាប់ នៅពេលពួកគេប្រព្រឹត្តបទល្មើស ហើយមិនអាចនិយាយថា បុគ្គលនោះ សញ្ជាតិនេះ ឬសញ្ជាតិនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងមិត្តភក្ដិទាំងឡាយ ត្រូវយល់ឲ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀត អំពីបញ្ហារឿងសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ ឥឡូវពលរដ្ឋរបស់អ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងទៅនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺពលរដ្ឋកម្ពុជា មិនអាចឲ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ប្រទេសកម្ពុជា ក៏កំពុងពិចារណាថាតើគួរដាក់ ក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវតែមានសញ្ជាតិតែមួយ ដើម្បីកុំឲ្យមានការលើកឡើងថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀត។
បើតាមសម្ដេចតេជោ ហ៊ុន សែន កន្លងមក រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់ឲ្យបុគ្គលតែ ១៣រូបប៉ុណ្ណោះ ត្រូវមានសញ្ជាតិខ្មែរតែមួយ នោះ គឺសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ទាំង ៩រូប, តំណែងជាប្រធានព្រឹទ្ធសភាមួយរូប, តំណែងជាប្រធានរដ្ឋសភាមួយរូប, តំណែជានាយករដ្ឋមន្ត្រីមួយរូប, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមួយរូប។
ប៉ុន្តែបើតាមសម្ដេចតេជោ ហ៊ុន សែន ដដែល ប្រសិនបើនៅតែមានការលើកឡើងដដែលជាដដែលថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀតនោះ គឺសម្ដេច នឹងពិនិត្យមើលអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ចេញនូវការអនុវត្តសញ្ជាតិតែមួយ សម្រាប់អ្នកធ្វើនយោបាយនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន