Connect with us

សន្តិសុខសង្គម

ពលរដ្ឋជាង២០០គ្រួសារ លើកគ្នាមកលុបរណ្ដៅដី ដែលក្រុមហ៊ុនចម្ការចេកកាយផ្ដាច់បិទផ្លូវ

បានផុស

នៅ

ក្រុមហ៊ុនចម្ការចេកវៀតណាម ហ័ងអាញ់យ៉ាឡាយ បានកាយផ្ដាច់ផ្លូវអ្នកភូមិមិនឲ្យធ្វើដំណើរចេញចូលឆ្លងកាត់ជាច្រើនមកហើយ ពេលនេះប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិស្រែឈូក ស្រុកលំផាត់ មានចប មានប៉ែល និងគ្រឿងចក្រត្រាក់ទ័រចំនួនពីរគ្រឿង បាននាំគ្នាទៅកាយដីលុបប្រឡាយ និងដាក់លូចំនួនពីរកន្លែងដើម្បីធ្វើដំណើរចេញចូលឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពរបស់ប្រជាពលរដ្ឋនេះកើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមហ៊ុនចម្ការចេកវៀតណាម ហ័ងអាញ់យ៉ាឡាយ ដែលបានកាយផ្តាច់ផ្លូវចេញចូលភូមិជាច្រើនមកហើយ។

លោក ឌី ចាន់ មានវ័យជាង៨៣ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋ២១៧គ្រួសារបានឲ្យដឹងថា ក្រុមហ៊ុនចម្ការចេករបស់​វៀតណាម ហ័ងអាញ់យ៉ាឡាយ មានទីតាំងនៅជិតភូមិស្រែឈូក ស្រុកលំផាត់នោះបានកាយផ្ដាច់ផ្លូវចំនួនពីរកន្លែងឲ្យក្លាយទៅជារណ្ដៅជ្រៅៗមិនឲ្យពួកគាត់បានធ្វើដំណើរដូចមុនឡើយ។

លោកបន្ដថា ផ្លូវនោះពួកគាត់ធ្លាប់បានប្រើប្រាស់ចេញចូលទៅស្រែចម្ការតាំងពីឆ្នាំ១៩៧៩រៀងមក តែមកដល់ពេលថ្មីៗនេះក៏មានក្រុមហ៊ុនវៀតណាមមកវិនិយោគដាំដើមចេក ហើយក្រុមហ៊ុនថា នឹងរៀបចំធ្វើមន្ទីរពេទ្យសាលារៀនរួមនឹងផ្លូវជូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ផងដែរ។ ប៉ុន្ដែទីបំផុតអ្វីដែលក្រុមហ៊ុនបានសន្យានោះគេមិនបានធ្វើឡើយផ្ទុយទៅវិញក្រុមហ៊ុននេះបែរជាកាត់ផ្ដាច់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ទៅវិញ។ លោកបញ្ជាក់ថា តែបើពលរដ្ឋណាចង់ចេញចូលត្រូវពាក់កាតរបស់ក្រុមហ៊ុនទើបអនុញ្ញាតចេញចូលបាន។ លោកបន្តថា ដោយសារអស់ជម្រើសទើបពួកយើងរៃលុយគ្នាទិញលូ៩កង់យកទៅដាក់ប្រឡាយពីរកន្លែងដែលគេកាយផ្ដាច់នោះដើម្បីចាក់ដីលុបបំពេញវិញងាយស្រួលធ្វើដំណើរទៅស្រែចម្ការបង្កបង្កើនផលដូចសព្វមួយដង។

លោក យ៉ាត ណាគ្រី មេឃុំជ័យឧត្ដមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ថា សកម្មភាពរបស់ប្រជាពលរដ្ឋជាង២០០គ្រួសារដែលនាំគ្នាទៅលុបរណ្ដៅដីក្រុមហ៊ុនកាយផ្ដាច់ផ្លូវនោះ លោកមិនទទួលដឹងឮទេ ដោយសាររឿងនេះលោកបានបញ្ជូនសំណុំរឿងទៅដល់ដៃសាលាស្រុកលំផាត់ហើយដើម្បីរង់ចាំធ្វើការដោះស្រាយ។

ដោយឡែក លោក នូ ថេរ អភិបាលស្រុកលំផាត់ក៏បានបញ្ជាក់ផងដែរថា ករណីដែលក្រុមហ៊ុនចម្ការចេកវៀតណាមបានកាយផ្ដាច់ផ្លូវនោះ ព្រោះគេមិនចង់ឲ្យប្រជាពលរដ្ឋយើងដើរឆ្លងកាត់ទីនោះតទៅទៀតដោយសារខ្លាចមានជំងឺឆ្លងប៉ះពាល់ផលដំណាំចេករបស់ក្រុមហ៊ុនគេ។ លោកបន្ដថា រឿងនេះលោក និងអភិបាលរងខេត្ដធ្លាប់បានជួបជាមួយអគ្គនាយកក្រុមហ៊ុនជជែកដោះស្រាយដែរហើយខាងក្រុមហ៊ុនគេថា នឹងរៀបចំធ្វើតាមប្រព័ន្ធប្លង់មេ និងធ្វើផ្លូវថ្មីឲ្យពលរដ្ឋប្រើប្រាស់ដាច់ដោយឡែកមួយវាងក្រុមហ៊ុនគឺទៅតាមផ្លូវជាតិលេខ៧៦ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមទទួលយកព្រោះវាងឆ្ងាយទៅចម្ការស្រែ ត្រូវប្រើពេល៦ទៅ៧ម៉ោងតែបើទៅតាមផ្លូវចាស់តែជាង១ម៉ោងទេ។ ចំណែកខាងតំណាងក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអាញ់យ៉ាឡាយមិនមានការបំភ្លឺអ្វីនោះទេ។ ឯអ្នកភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ប្រមាណជាង២០០គ្រួសារក៏កំពុងប្រឈមជាមួយក្រុមហ៊ុនចម្ការចេកកាយផ្លូវផ្ដាច់មិនឲ្យធ្វើដំណើរឆ្លងកាត់ចេញចូលដូចគ្នាដែរ។

ផ្ដើមចេញពីក្រុមហ៊ុនមួយនេះធ្វើឲ្យពលរដ្ឋនៅស្រុកលំផាត់ដែលភាគច្រើនជាបងប្អូនជនជាតិឡាវមានការក្តៅក្រហាយខ្លាំងណាស់ និងព្រួយបារម្ភហើយក៏បានសំណូមពរយ៉ាងទទូចទៅសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយធ្វើអន្ដរាគមន៍ផងដើម្បីបើកផ្លូវ្យពួកគាត់បានប្រើប្រាស់ចេញចូលជាធម្មតាវិញ និងដឹកកសិផលមកកាន់ទីផ្សារលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម