ព័ត៌មានជាតិ
បណ្ឌិត សួន រ៉ានី ចំណាយពេលស្ទើរតែពេញមួយជីវិតនិពន្ធសៀវភៅ
លោកបណ្ឌិត សួន រ៉ានី អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ បានលះបង់ពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោកដើម្បីនិពន្ធសៀវភៅផ្នែកទេសចរណ៍ និងភាពជាអ្នកដឹកនាំ ដោយលោកធ្លាប់លើកឡើងថា នៅតំបន់អាស៊ី ជាពិសេស នៅកម្ពុជា មិនទាន់អាចយល់ច្បាស់ពីភាពជាអ្នកដឹកនាំដែលខ្លួនគួរមាននោះទេ។

លោកបណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីប្រទេសរុស្ស៊ីជំនាញសេដ្ឋកិច្ច ព្រមទាំង បានវិលត្រឡប់មកកម្ពុជា និងបម្រើការនៅក្រសួងទេសចរណ៍ឆ្នាំ២០០០ រយៈពេល១៣ឆ្នាំ។ លុះនៅឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន លោកក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ។ កំឡុងពេលបម្រើការងារក្នុងជួររាជរដ្ឋាភិបាល លោកបានបង្កើតស្នាដៃជាច្រើនសម្រាប់ជាតិ ក៏ជាបន្ទុកមួយដែលលោកត្រូវរ៉ាប់រងផងដែរ ជាមួយនឹងការគ្រប់គ្រង រៀបចំផែនការផ្សេងៗក្នុងនាមជាថ្នាក់ដឹកនាំម្នាក់។ ទោះបីជាលោកបានបញ្ចប់ការសិក្សាពីបរទេសពិតមែន ប៉ុន្តែ លោកកត់សម្គាល់ថា ខ្លួនមានបញ្ហាជុំវិញនឹងការគ្រប់គ្រង ការដឹកនាំ ទើបលោកខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន។
លោកបានប្រាប់«កម្ពុជាថ្មី»ថា ស្របពេលដែលលោកបម្រើការនៅក្នុងក្រសួង លោកក៏បានឆ្លៀតពេលសរសេរសៀវភៅចំនួន២ផ្នែក គឺទាក់ទងនឹងទីផ្សារទេសចរណ៍ និងភាពជាអ្នកដឹកនាំ ដែលជាសៀវភៅបានមកពីការស្រាវជ្រាវ បទពិសោធន៍សិក្សា ការងាររបស់លោកជាច្រើនឆ្នាំ សម្រាប់ផ្តល់ជាចំណេះដឹងថ្មីៗដល់សាធារណជន។

លោកបណ្ឌិត សួន រ៉ានី ចាប់ផ្តើមនិពន្ធសៀវភៅផ្នែកទេសចរណ៍នៅឆ្នាំ២០០០ ដោយលោកបានយកបទពិសោធន៍ទាំងអស់មកផ្តុំចូលគ្នា រួចបែងចែកចំណងជើងសៀវភៅដែលលោកគ្រោងនឹងសរសេចេញ។ ជាមួយបទពិសោធន៍ និងការស្រាវជ្រាវ ស្នាដៃរបស់លោកត្រូវបានចេញផ្សាយនៅឆ្នាំ២០០៣។ សៀវភៅទាំងនោះ មានដូចជា សៀវភៅទីផ្សារ ទេសចរណ៍ អាជីវកម្ម និងផ្សេងៗទៀតនៅក្នុងក្របខណ្ឌទេសចរណ៍ ដែលមានទំហំធំ ជាង៣០០ទំព័រឡើងទៅ។ លោកបណ្ឌិត បាននិពន្ធសៀវភៅផ្នែកទេសចរណ៍នេះរយៈពេល១៤ឆ្នាំ ទើបសម្រេចចិត្តថា ផ្អាកសរសេរសិននៅឆ្នាំ២០១៤ ដោយសារតែលោកត្រូវផ្លាស់ប្តូរការងារពីក្រសួងទេសចរណ៍ ទៅកាន់តំណែងនៅសាលាភូមិន្ទរដ្ឋបាលម្តង។ មុនពេលលោកផ្អាក សៀវភៅផ្នែកទេសចរណ៍ ត្រូវបានបោះពុម្ពរួចមាន២៣មុខ។ ក្រោយពីផ្អាកជាច្រើនឆ្នាំ លោកក៏មានបំណងបន្តនិពន្ធឡើងវិញនៅឆ្នាំ២០២៤ ខាងមុខ។
បើងាកមកមើលសៀវភៅមួយប្រភេទទៀត ដែលលោកបណ្ឌិតបានសរសេរដែលនោះ គឺសៀវភៅភាពជាអ្នកដឹកនាំ។ លោកថា បានជាលោកនិពន្ធសៀវភៅនេះ ព្រោះកំឡុងពេលដែលលោកដឹកនាំនៅក្នុងក្រសួង គឺមិនសូវជាបានល្អប៉ុន្មានទេ ទោះបីលោកសិក្សាបានខ្ពស់ ពូកែធ្វើការ តែលោកដឹងថា ខ្លួនខ្វះជំនាញទន់ គឺភាពជាអ្នកដឹកនាំ។

ដោយហេតុនេះ បានធ្វើឱ្យលោកស្រាវជ្រាវដោយខ្លួនឯងជិត៧ឆ្នាំ ទើបអាចស្វែងរកឃើញពីចំណុចខ្សោយ និងកែប្រែខ្លួនក្លាយជាអ្នកដឹកនាំម្នាក់ដោយមានភាពប៉ិនប្រសព្វ។ លោកចាប់ផ្តើមនិពន្ធសៀវភៅភាពជាអ្នកដឹកនាំចន្លោះឆ្នាំ២០០៦-២០០៧ ដោយមានការរៀបចំផែនការច្បាស់លាស់ពីចំណងជើង និងយុទ្ធសាស្ត្រដែលលោកគួរនិពន្ធឡើង។ រហូតដល់ឆ្នាំ២០១២ លោកបានបោះពុម្ពសៀវភៅខ្នាតតូច និងឆ្នាំ២០១៤ បានបោះពុម្ពសៀវភៅខ្នាតធំ ស្របពេលដែលលោកកំពុងបម្រើការងារនៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងសៀវភៅនីមួយៗ គឺផ្អែកតាមការសិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំង មាននិស្សិតជាន់ខ្ពស់ផ្នែកអក្សរសាស្ត្រនៅសាលាភូមិន្ទរដ្ឋបាល ជួយអាន និងពិនិត្យ ព្រមទាំង មានការពិភាក្សាពីមន្ត្រីដែលលោកស្គាល់ មិត្តភក្តិ និងមនុស្សដែលមានសមត្ថភាពផ្សេងទៀតជួយផ្តល់យោបល់សម្រាប់លោកផងដែរ។ គិតពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន លោកបានសរសេរសៀវភៅផ្នែកទី២នេះ បាន១០ចំណងជើង។
ចំពោះការសហការបោះពុម្ភផ្សាយវិញ គឺលោកមិនមានដៃគូសហការនៅឡើយទេ មានការជួយបន្តិចបន្តួចពីមិត្តិភក្តិ និងមនុស្សជិតស្និត បូករួមនឹងប្រាក់សន្សំរបស់លោក។ ក្នុងការបោះពុម្ពម្តងៗ គឺចំណាយប្រមាណ៧ពាន់ដុល្លារ។ ចំពោះការលក់វិញ គឺលោកមានក្រុមការងារសម្រាប់កាន់ស្តុកសៀវភៅ និងក្រុមការងារដោយខ្លួនឯង មិនទាន់មានការដាក់លក់តាមទីផ្សារនោះទេ។ សៀវភៅខ្លះ ត្រូវបានផ្តល់ជូនជាកាដូ ខ្លះលក់បញ្ចុះតម្លៃសម្រាប់និស្សិត ឯខ្លះទៀត លក់តាមស្ថានភាពផ្សេងៗទៅសាធារណជន។
លោកបណ្ឌិត សួន រ៉ានី បានបញ្ជាក់ថា រយៈពេល ៦ ទៅ ៧ឆ្នាំចុងក្រោយនេះ ការលក់សៀវភៅ និងបោះពុម្ពសៀវភៅភាពជាអ្នកដឹកនាំ ហាក់មានភាពរលូនល្អ ព្រោះចេញផ្សាយស្របតាមតម្រូវការរបស់អ្នកអាន។ លោកបានបញ្ជាក់ថា កត្តា៣ចំណុច ដែលនាំឱ្យលោកសរសេរសៀវភៅបានជោគជ័យ គឺចំណេះដឹងក្នុងឯកទេសរបស់ខ្លួន បទពិសោធន៍អ្នកនិពន្ធ និងការសិក្សាស្រាវជ្រាវ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


