Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម អាចនឹងមានភ្លៀងផ្គររន្ទះ និងទឹកជំនន់ពីល្ងាចនេះ រហូតដល់​សប្ដាហ៍ក្រោយ

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាមបានឲ្យដឹងថា អាកាសធាតុមិនអំណោយផលនឹងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះនៅផ្នែកផ្សេងៗទូទាំងប្រទេសវៀតណាម ចាប់ពីពេលនេះរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របានឲ្យដឹងដែរថា កន្លែងមួយចំនួននៅភាគខាងជើងនៃប្រទេសវៀតណាមអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ជាមួយនឹងកម្រិតទឹកភ្លៀងជាមធ្យមពី ២០ ទៅ ៤០ មិល្លីម៉ែត្រនៅល្ងាចថ្ងៃសៅរ៍នេះ ។

មជ្ឈមណ្ឌលបាននិយាយទៀតថា អាកាសធាតុមិនអំណោយផលស្រដៀងគ្នានេះក៏ត្រូវបានព្យាករណ៍នៅតំបន់ភាគកណ្តាល តំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូង ហើយភ្លៀងទំនងជានឹងវាយប្រហារតំបន់ទាំងនេះ ភាគច្រើនគឺនៅពេលរសៀល និងពេលល្ងាច ។

ស្របពេលជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងក៏អាចបណ្តាលឲ្យមានទឹកជំនន់នៅតំបន់ទំនាប និងការរអិលបាក់ដីនៅតំបន់ភ្នំផងដែរ ខណៈព្យុះកំបុតត្បូង ផ្លេកបន្ទោរ និងខ្យល់បក់ខ្លាំងអាចកើតមានឡើង ក្នុងអំឡុងពេលមានព្យុះភ្លៀងនោះ ជាពិសេសលើ​ឈូង​សមុទ្រ Tonkin ហើយទឹកអាចហូរ​ពី​ខេត្ត Binh Thuan ភាគ​កណ្តាល​ទៅ​ខេត្ត Ca Mau ភាគ​ខាង​ត្បូង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាមបានព្រមានថា ទូកនេសាទទាំងអស់ដែលកំពុងនៅលើទឹកក្នុងតំបន់ទាំងនេះ ទំនងជារងផលប៉ះពាល់ដោយខ្យល់ព្យុះកំបុតត្បូង និងខ្យល់បក់បោកខ្លាំង ដូច្នេះប្រជានេសាទទាំងគួរតែញាប់ដៃញាប់ជើងមកកាន់គោកវិញឲ្យបានលឿនបំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម