ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ ក្រសួងប្រៃសណីយ៍ កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល
ក្រសួងប្រៃសណីយ៍ បាននិងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងសន្តិសុខឌីជីថល ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពារយ៉ាងរឹងមាំ ធននឹងការវាយប្រហារ។ នេះជាការអះអាងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

របាយការណ៍ស្វាគមន៍ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងដូច្នេះថា៖ «ក្នុងពេលដែលដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែមានសន្ទុះទៅមុខ បញ្ហាសន្តិសុខសាយប័រ គឺជាអាទិភាពថ្មីមួយដែលត្រូវយកចិត្តទុកដាក់។ ដូច្នេះ ក្នុងនាមជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល ក្រសួង បាននិងកំពុងរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល យន្តការគ្រប់គ្រង និងអង្គភាពអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលឌីជីថលត្រូវបានការពាររឹងមាំ ធននឹងការវាយប្រហារ»។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់បន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ និងសហការជាមួយដៃគូអភិវឌ្ឍនានាដែលពាក់ព័ន្ធក្នុងការជំរុញបរិវត្តកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា និងនៅក្នុងតំបន់។
បើតាមលោក ជា វ៉ាន់ដេត ជាទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺការប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជាឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ ផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ច និងប្រជាជនក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍប្រទេស ដូចចែងក្នុងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២១-២០៣៥ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្នុងនាមគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល លោក ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងគណៈកម្មាធិការ។ លោករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល អភិវឌ្ឍធនធានមនុស្សឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សំដៅគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


