ព័ត៌មានជាតិ
យុវជនកម្ពុជាជំរុញចាប់យកបច្ចេកវិទ្យា AI ឲ្យឆ្លាតវាងវៃ ដើម្បីដើរទាន់ចរន្តពិភពលោក
ពិភពលោកទាំងមូលកំពុងឈានចូលយុគសម័យថ្មី ដែលគូសវាសដោយបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងប្រព័ន្ធដែលដំណើរការផ្អែកលើទិន្នន័យ។
ចរន្តថ្មីទាំងនេះមិនត្រឹមតែកែប្រែពាណិជ្ជកម្មតាមវិស័យប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកែប្រែរបៀបរបបធ្វើការរបស់បណ្តារដ្ឋាភិបាល សណ្ឋាននៃការប្រកួតប្រជែងរវាងបណ្តាប្រទេស និងដំណើរការនានាក្នុងសង្គម។ នេះបើតាមការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោករដ្ឋមន្រ្តីចោទជាចម្ងល់ថា ក្នុងបរិការណ៍នេះ ប្រស្នាគន្លឹះតើគ្រប់គ្នាត្រូវធ្វើដូចម្ដេច ដើម្បីធានាថាបច្ចេកវិទ្យានឹងបម្រើឱ្យកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ពង្រឹង សមត្ថភាពស្ថាប័ន និងការពារប្រជាពលរដ្ឋបាន?
ចំពោះកម្ពុជា រដ្ឋាភិបាលបានកំណត់ទិសដៅចាប់យកបច្ចេកវិទ្យាជាអាទិភាពគន្លឹះទី ៥ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលរំលេចឱ្យឃើញអំពីទស្សនៈជាមូលដ្ឋានគ្រឹះមួយថាបច្ចេកវិទ្យាមិនមែនជាវិស័យមួយទេ វាជាឃ្នាស់សម្រាប់ជំរុញគ្រប់វិស័យ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា លើមាគ៌ាជាតិដែលបានដាក់ចេញ ការអប់រំដើរតួនាទីយ៉ាងសំខាន់។ សាកលវិទ្យាល័យលែងជាស្ថាប័នសម្រាប់តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវក្លាយជាទីប្រជុំនៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល។
សាកលវិទ្យាល័យមានតួនាទីបណ្តុះបញ្ញាញាណរបស់ជាតិក្នុងការរចនាប្រព័ន្ធឌីជីថល យកបញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និងដឹកនាំកាច់ចង្កូតស្ថាប័នក្នុងពិភពលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ខណៈបច្ចុប្បន្នបញ្ញាសិប្បនិម្មិតកំពុងត្រូវបានរួមបញ្ចូលទៅក្នុងការសម្រេចចិត្ត ទិន្នន័យជាកត្តាកំណត់យុទ្ធសាស្ត្រ ហើយនវានុវត្តន៍ជាកត្តាកំណត់ពីសមត្ថភាពប្រកួតប្រជែង ប្រទេសកម្ពុជាត្រូវការធនធានមនុស្សដែលមានទាំងជំនាញ ទាំងភាពវាងវៃក្នុងការសម្របខ្លួន គុណធម៌និងក្រមសីលធម៌ និងចក្ខុវិស័យសំឡឹងទៅមុខ។
ទោះបីបែបនេះក្តី លោករដ្ឋមន្រ្តីបានក្រើនរំលឹកដល់យុវជនថា អនាគតកម្ពុជាមិនមែនកំណត់ដោយបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែនឹងត្រូវកំណត់ដោយប្រជាជនកម្ពុជា ដែលចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបញ្ញាញាណ។

គៀន យូហ័ង ដែលទើបតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបញ្ជាក់ថា កាលសិក្សានៅសាកលវិទ្យាល័យ លោកបានសិក្សាទាំងជំនាញទន់ និងជំនាញរឹង រួមមានការបង្កើតកម្មវិធីទូរសព្ទ (App), ការបង្កើតគេហទំព័រ (Web) និងផ្នែកបញ្ញាសិប្បនិម្មិត (AI)។
ជុំវិញទស្សនៈលើផ្នែកបញ្ញាសិប្បនិម្មិត (AI) យុវជនរូបនេះមានការចាប់អារម្មណ៍ការសិក្សាតាំងពីដើមមក។
យូហ័ង មើលឃើញសារៈសំខាន់នៃបច្ចេកវិទ្យា AI ដែលលោកជឿជាក់ថានឹងអាចជួយសង្គមបានច្រើន ជាពិសេសក្នុងការដោះស្រាយបញ្ហានានា ដូចជាក្នុងវិស័យសុខាភិបាលជាដើម។
យ៉ាងណាមិញ សម្រាប់ការចាប់យកការសិក្សាបច្ចេកវិទ្យា AI យូហ័ង យល់ឃើញថាអ្នកសិក្សាត្រូវមានមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងគណិតវិទ្យា៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


