Connect with us

ព័ត៌មានជាតិ

ស្ថិរភាពនយោបាយសេដ្ឋកិច្ច ​និងការគាំទ្រវិស័យឯកជន​ជាកត្តាទាក់ទាញវិនិយោគិនបរទេស​មកកម្ពុជា

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាមានប្រ​សាសន៍ថា សន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការគាំទ្រលើកទឹកចិត្តវិស័យឯកជន ​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​​ ជាកត្តាទាក់​ទាញ​វិនិយោគិន​បរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ុន ចាន់ថុលបានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យ​ស្ដីពីការ​អនុវត្តច្បាប់ស្ដីពីវិនិយោគ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤។

​សិក្ខាសាលានេះ មានគោលបំណងចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងលើកកម្ពស់​ការយល់​ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការវិនិយោគ សម្រាប់ជាមូលដ្ឋាន​ជូនដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះ​រាជាណាចក្រ​កម្ពុជា។

​លោក ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា​ កត្តាទាក់ទាញវិនិយោគិនបរទេស​ឱ្យមកបោះទុនវិនិ​យោគនៅកម្ពុជា ដែលរួមមាន ១. សន្តិភាព និងស្ថិរភាពនយោបាយ ២. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៣. ច្បាប់ស្ដីពីវិនិយោគដែលមានការលើកទឹកចិត្ត និងបើកចំហទូលំទូលាយ ៤. រាជរដ្ឋាភិបាលមានការគាំទ្រ និងជួយសម្របសម្រួលដល់វិស័យឯកជន ៥. ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍ និងការតភ្ជាប់កាន់តែល្អប្រសើរ ៦. ប្រជាជនវ័យក្មេងប្រកបដោយថាមពល (៧) ទីតាំងភូមិសាស្ត្រអំណោយផលស្ថិតនៅចំកណ្ដាលនៃមហាអនុតំបន់ទន្លេមេគង្គ មានប្រជាជនចំនួន ២៥០លាននាក់, តំបន់អាស៊ាន មានប្រជាជន ៦៧១លាននាក់, និងក្នុងក្របខណ្ឌ RCEP មានប្រជាជន ២.៣ពាន់លាននាក់ ព្រមទាំងកត្តាបន្ទាប់បន្សំផ្សេងៗទៀត។

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦​គម្រោង ដែលមានទុន​វិនិយោគ​សរុបប្រមាណ ២,២ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ដែលអាចបង្កើតការងារជាង ១០៧ ពាន់កន្លែង។ ​

​គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានការកើនឡើងគួរកត់សម្គាល់ ក្នុងនោះឆ្នាំ២០២២ មានចំនួន ១៨៦គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៣ មានចំនួន ២៦៨គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤.៩ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ៤៤% លើចំនួនគម្រោង និង២២% លើចំនួនថវិកា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម