Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង​ មានម៉ាសុីនកិនស្រូវខ្នាតធំស្តង់ដា ១១៤ គ្រឿង​ ផលិតជាអង្ករនាំចេញទៅ​ក្រៅប្រទេស

បានផុស

នៅ

បើតាមមន្រ្តីកសិកម្មខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបងមានម៉ាសុីនកិនស្រូវចំនួន ៦៥៨ គ្រឿង ក្នុងនោះខ្នាតធំសម្រាប់ផលិតជាអង្ករនាំចេញទៅ​ក្រៅប្រទេសមានចំនួន ១១៤ គ្រឿង ខ្នាតមធ្យមមាន​ចំនួន ២៦១ គ្រឿង និ​ង​ខ្នាតតូចមាន ២៨៣ គ្រឿង ហើយក្នុងនោះមានឡសម្ងួតមានចំនួន ៩៦ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា កាលពីប៉ុន្នានឆ្នាំមុខម្ចាស់រោងម៉ាសុីនខ្នាតធំនៅក្នុងខេត្តបាត់ដំបងជួប​បញ្ហា​ប្រឈមពាក់ព័ន្ធខ្វះដើមទុនប្រមូលទិញស្រូវស្តុកទុក ខណះគ្រានោះឡសម្ងួតក៏នៅមានកម្រិតនៅ​ឡើយ ដែលធ្វើឲ្យសង្វាក់លទ្ធផលដើរយឺត រហូតដល់ចុងឆ្នាំ​២០២៣ រោងម៉ាសុីនខ្នាតធំក្នុងខេត្តទាំង ១១៤ គ្រឿងបានដំណើរការ​បានប្រសើរឡើងវិញចន្លោះពី ៧០-៩០ ភាគរយ។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវដែលមាន​ទីតាំងនៅ​ស្រុក​ថ្មគោលខេត្តបាត់ដំបង លោក​ ហេង ផេង បានប្រាប់​ឱ្យដឹងថា កាលពី​ប៉ុន្មាន​​ឆ្នាំមុន​ មានការ​ខ្វះខាត​ឃ្លាំង​ស្តុកនិង​ឡស​ម្ងួ​ត​ស្រូវ ស្រប​ពេលដែល​កសិករ​សម្រុក​ច្រូត​ព្រម​គ្នា​ធ្វើឱ្យ​តម្លៃ​ស្រូវ​ចុះ​ថោក​​ខ្លាំង​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បញ្ហា​ត្រូវបាន​ដោះស្រាយដោយសារ​ការផ្តល់​​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ ជួយគាំទ្រឲ្យបានដំណើរការល្អឡើងវិញ។

លោកបន្តថា ឃ្លាំង​ស្តុកនិង​ឡស​ម្ងួ​ត​ស្រូវលែង​ជា​បញ្ហា​ទៀតហើយ ប៉ុន្តែ​​កសិករនិងឈ្មួញកំពុង​ប្រឈម​​បច្ចុប្បន្ន​គឺ​ថ្លៃដើម​ផលិត​កើនឡើងដូច​ជា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ឡើងថ្លៃជាដើម​។ ម្ចាស់រោងម៉ាសុីនខ្នាតស្តងដាក៏​ត្រូវការ​ទុន​បន្ថែមនៅរដូវប្រមូល​ផល​ដែរ ដើម្បី​ប្រមូល​ទិញស្រូវ​ស្តុក​ទុក​សម្រាប់​នាំចេញ​។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ ក៏​សប្បាយចិត្តទៅ​​ការដាក់ចេញ​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ​ទម្លាក់​កញ្ចប់​ថវិកា​ ១០០ ​លាន​ដុល្លារ សម្រាប់​ត្រៀម​ក្នុងការ​ជួយប្រមូល​ទិញ​កសិផល​ពី​កសិករកន្លងមក ហើយតាម​រយៈ​គោលនយោបាយ​នេះ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ អាចនឹងទទួល​បាន​ទុន​បន្ថែមសម្រាប់ប្រើប្រាស់​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជា​កសិករសម្រាប់​ស្តុកដើម្បី​កុំឱ្យ​ស្រូវ​ដែល​បាន​ផលិត​ហូរ​ចេញទៅ​ក្រៅប្រទេស​ច្រើនពេក​។​

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅឆ្នាំ ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករជាង ៦៥ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៦៦ លានដុល្លារ។ កម្ពុជាក៏បាននាំចេញ​ស្រូវជាង ៤ លានតោនសរុបជាទឹកប្រាក់ជាង ១,៣​ ពាន់លានដុល្លារ ខណៈ​​ដែល​ចិន និងសហភាពអឺរ៉ុប ជាទីផ្សារធំជាងគេនៃអង្ករកម្ពុជា។

ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៤ កម្ពុជារកចំណូលពីការនាំចេញស្រូវនិងអង្ករសរុបជាង ៨៧០ លានដុល្លារ​អាមេរិក ក្នុងនោះការនាំចេញអង្ករគ្រប់ប្រភេទ​បាន​ចំនួន ២៤ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែល​រកចំណូលបាន ១៧០ ​លានដុល្លារអាមេរិក និង​នាំ​ចេញស្រូវសរុបបានចំនួនជាង ២ លាន ៤ សែនតោន ដែលគិតជាទឹកប្រាក់មានចំនួន​ជិត ៧០០ លានដុល្លារអាមេរិក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម