ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន
តបតាមការអញ្ជើញរបស់ភាគីកាហ្សាក់ស្ថាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលសមស្របណាមួយខាងមុខ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្រ្តីជាង៣០ឆ្នាំកន្លងទៅ។

ការគោរពអញ្ជើញនេះ បានលើកឡើងដោយឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា ក្នុងឱកាសដែលលោកចូលជូនសារតាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី បានគោរពអញ្ជើញសម្តេចតេជោ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមសន្និសីទអន្តរជាតិដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ ដើម្បីសម្តេចតេជោ អាចចែករំលែកបទពិសោធ ទស្សនៈដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ទៅដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ជាពិសេសគឺបណ្តាប្រទេសនៅអាស៊ីកណ្តាល។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបង្ហាញអារម្មណ៍រីករាយនឹងទទួលយកការអញ្ជើញទៅធ្វើបាឋកថា ឬសុន្ទរកថានៅក្នុងវេទិកាអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈធ្លាប់ជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេ និងជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក។
សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយ ដែលពុំបានចូលរួមសន្និសីទ CICA ក្នុងឆ្នាំ២០២២ ដោយពេលនោះសម្តេចតេជោ ជាប់កាតព្វកិច្ចជាប្រធានអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីការបន្តគាំទ្រកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ ដែលមានទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា។ សម្តេចតេជោ ក៏បានស្នើភាគីកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់កិច្ចសហប្រតិបត្តិការសៀងហៃ SCO ផងដែរ។

ក្នុងន័យនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេស និងប្រទេសនោះទេ តែគួរធ្វើក្នុងកម្រិតតំបន់ និងតំបន់ផងដែរ ពោលគឺក្នុងកម្រិតអឺរ៉ាស៊ី និងអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលសម្ដេច ចាត់ទុកថា កម្ពុជា-កាហ្សាក់ស្ថាន មានទំនាក់ទំនងនឹងគ្នាលើសពី៣០ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


