ព័ត៌មានជាតិ
សម្ដេចតេជោ ចង់ឱ្យសមាគមវប្បធម៌កូរ៉េជួយជំរុញទំនាក់ទំនងប្រជាជននិងប្រជាជនទាំងពីរកាន់តែសកម្ម
ជាប្រទេសដន្លងនឹងគ្នា សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យសមាគមវប្បធម៌កូរ៉េសហការឱ្យជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូងឱ្យមានសកម្មភាពកាន់តែសកម្ម និងជានិរន្តរភាព ទាំងលើវិស័យវប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន។

សម្ដេចតេជោ បង្ហាញបំណងបែបនេះក្នុងឱកាសទទួលជួបជាមួយលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងអ៊ីនឆន់ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក។ នៅក្នុងជំនួបនេះ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានជម្រាបសម្ដេចតេជោអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយលោក បញ្ជាក់ថា កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ ដើម្បីរៀបចំសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌គ្នានៃប្រទេសទាំងពីរ។
លោក Samuel Chung បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក រូបថតចំនួន២០០០សន្លឹកពីវិស័យវប្បធម៌កម្ពុជា ដោយមានរូបថតប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ សមាគមនឹងរៀបចំធ្វើរាត្រីស្រមោលសសប្បុរសធម៌មួយនៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។ ទន្ទឹមនេះ លោក ក៏បានជម្រាបជូនសម្ដេចតេជោ ពីគម្រោងរបស់សមាគមវប្បធម៌កូរ៉េ ដែលគ្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗរបស់កូរ៉េ ទៅសម្ដែងនៅកម្ពុជា។

លើសពីនេះ លោកប្រធានសមាគម ក៏បានជម្រាបពីបំណងក្នុងការផ្លាស់ក្រុមកូនកាត់គ្រួសារខ្មែរ-កូរ៉េ ដែលលោកចង់ឱ្យកូនចៅរបស់គេទាំងគ្រួសារ បានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាស្វែងយល់គ្នាទៅវិញទៅមកផងដែរ។ ក្នុងន័យនេះ ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរទទួលបានជោគជ័យ លោកប្រធានសមាគមកូរ៉េ បានស្នើសុំការគាំទ្រពីសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទៅលើគម្រោង និងកិច្ចសហប្រតិបត្តិការទាំងអស់នេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណចំពោះគម្រោងនានាដែលសមាគមបាននិងកំពុងធ្វើក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកន្លងមក ដើម្បីជំរុញទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ចាត់ទុកការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះ ថា គឺមានតម្លៃណាស់ មិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែមានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាការពង្រឹងវិស័យទេសចរណ៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានសមាគមកូរ៉េ ថា កម្ពុជា និងកូរ៉េជាប្រទេសដន្លងនឹងគ្នា ដោយសារមានកូនកាត់កម្ពុជាកូរ៉េជាងមួយម៉ឺននាក់ ដែលត្រូវស្គាល់វប្បធម៌នៃប្រទេសទាំងពីរ។ សម្ដេចតេជោ ចង់ឱ្យកូនកាត់កម្ពុជាកូរ៉េធ្វើដំណើរទៅលេងជីដូនជីតានៅស្រុកខ្មែរ ដែលជាផ្នែកមួយនៃការជំេរុញលំហូរទេសចរណ៍ទៅមក។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗរបស់កូរ៉េ ទៅសម្ដែងនៅខេត្តសៀមរាប នាចុងឆ្នាំនេះ សម្ដេចតេជោ ចាត់ទុកថា មានឥទ្ធិពលមិនធម្មតានៅក្នុងផ្នែកវប្បធម៌ ទេសចរណ៍ដល់ប្រទេសជិតខាងកម្ពុជាផងដែរ ខណៈតារាកូរ៉េ កំពុងពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ាន មិនត្រឹមតែកម្ពុជាទេ។ សម្ដេចតេជោ បន្តថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយសម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


