ព័ត៌មានជាតិ
រដ្ឋាភិបាល ជួយសន្សំសំចៃថវិកាពលរដ្ឋជាង ៧លានដុល្លារ លើការដឹកជញ្ជូនទៅលេងស្រុកកំណើត
គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានជួយសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋ ប្រមាណជាង ៧ លានដុល្លារសហរដ្ឋអាមេរិក តាមរយៈរៀបចំរថយន្តក្រុងជាច្រើនគ្រឿងក្នុងមួយឆ្នាំៗ ដើម្បីដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ នារដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យជាតិធំៗ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្របពេលរូបលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា អនុវត្តទៅតាមការចង្អុលបង្ហាញរបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។
លោកបញ្ជាក់ថា៖«ការដឹកជញ្ជូនដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង ៧ លានដុល្លារសហរដ្ឋអាមេរិក»។

មិនខុសពីសព្វដង នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន ៥៩៧ គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញនឹងបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ លោកបន្តថា ការងារនេះមិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។
នាឱកាសនោះ លោក ម៉ប់ សារិន បានលើកឡើងដែរថា ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ថ្ងៃទី៧ ខែមេសា ២០២៥ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមួយរដូវបុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌ រដ្ឋាភិបាលជួយដល់ការចំណាយរបស់ពលរដ្ឋលើការផ្ដល់សេវារថយន្តក្រុងដោយឥតគិតថ្លៃដឹកពលរដ្ឋចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានា។

សម្ដេចធិបតីថ្លែងថា៖ «ថ្ងៃមុនខ្ញុំចុះទៅមើលនៅទីលានប្រជាធិបតេយ្យដែលរៀបចំពិធីហ្នឹង ខ្ញុំសួរមួយគ្រួសារទៅបន្ទាយមានជ័យ ខ្ញុំសួរគាត់ថាទៅ(បើឡានតាក់ស៊ី)គេយកប៉ុន្មាន? គាត់ថាម្នាក់ទៅ១០ម៉ឺនមកវិញ១០ម៉ឺន ហើយគ្រួសារគាត់មាន៥នាក់ ! អ៉ីចឹងក្នុង១ជើងគាត់សន្សំបាន៤០ម៉ឺន បើទៅមកគាត់សន្សំបាន២០០ដុល្លារ។ ២០០ដុល្លារហ្នឹងគាត់ទុកចាយធ្វើបុណ្យនៅផ្ទះ ឬក៏ធ្វើអីផ្សេងបាន»៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


