ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃលើកឡើងពីតួនាទីសំខាន់របស់នគរបាលចំពោះការលេចឡើងនូវបទល្មើសឆបោកតាមអនឡាញ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងពីតួនាទីកាន់តែសំខាន់របស់កងកម្លាំងនគរបាលជាតិចំពោះការលេចឡើងនូវបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធើណេត ដែលកំពុងកើតមានឡើងនៅពិភពលោកបច្ចុប្បន្ន។ ការលេចឡើងនូវបទល្មើសបច្ចេកវិទ្យានេះ លោករដ្ឋមន្ត្រី ប្រាប់កម្លាំងឱ្យបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាបកាន់តែសកម្មថែមទៀត។

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសរំលេចថា ឆ្នាំ២០២៥ ក៏ដូចជាបណ្តាឆ្នាំខាងមុខ សភាពការណ៍សកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាពស្មុគស្មាញ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន ដោយកត្តាសកម្មភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងឧត្តមភាពយោធារបស់មហាអំណាច ការធ្វើសង្គ្រាម ជម្លោះជនជាតិ សាសនានៅតាមតំបន់ជាច្រើន ទន្ទឹមនឹងការកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ពិតជាបង្កផលប៉ះពាល់ ទោះតិច ឬច្រើនដល់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ តាមរយៈសារផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

តាមការអះអាងរបស់លោក ស សុខា កម្ពុជានៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈមមួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាអាទិ៍ ឧបាយកលពិសពុលរបស់មជ្ឈដ្ឋានប្រឆាំង ដែលនៅតែចិញ្ចឹមមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលតាមរបៀបបដិវត្តពណ៌ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសលួច ឆក់ ប្លន់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការលេចឡើងនូវសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេត។
បញ្ហាទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថា ទាក់ទងសំខាន់ចំពោះតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងន័យនេះ យកឱកាសថ្ងៃខួបកំណើតរបស់នគរបាលជាតិ លោកប្រមុខមហាផ្ទៃ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។

លោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព និងពង្រឹងការដឹកនាំគ្រប់គ្រងឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ពិសេសការបន្តអនុវត្តកំណែទម្រង់ និងការលើកកម្ពស់គុណធម៌ សីលធម៌ សមត្ថភាព ប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


