Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ប្រកាស​ថា ខ្លួន​នឹង​មិន​ឈប់​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​ដាច់​ខាត

បានផុស

នៅ

ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ លោក Amir-Saeid Iravani បាននិយាយនៅក្នុងបទសម្ភាសន៍មួយ​ជាមួយ​សារព័ត៌មាន CBS កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​​មិថុនា​ថា ទីក្រុងតេហេរ៉ង់​នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើយ ដោយហៅវាថាជា«សិទ្ធិមិនអាចកាត់ផ្តាច់បាន» ក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

លោក Amir-Saeid Iravani (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Iravani បានសង្កត់ធ្ងន់ថា ខណៈពេលដែលអ៊ីរ៉ង់នៅតែបើកចំហចំពោះការទូត ខ្លួន​នឹងមិនយល់ព្រមចំពោះការទាមទារដែលស្រដៀងទៅនឹង«ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»ពីសហរដ្ឋអាមេរិកនោះទេ។

មន្ត្រី​ការទូត​អ៊ីរ៉ង់​រូប​នេះ បាន​​ប្រាប់​​ថា «ការ​ចម្រាញ់​(អ៊ុយរ៉ាញ៉ូម) គឺជាសិទ្ធិរបស់យើង ជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បាន ហើយយើងចង់អនុវត្តសិទ្ធិនេះ» ដោយបន្ថែមថា ទីក្រុង​តេហេរ៉ង់​នឹង​មិន​​បញ្ឈប់​ដាច់​ខាត ព្រោះ​វា​ជា​ប្រភព​ថាមពល​សម្រាប់​គោល​បំណង​ស៊ីវិល​ប៉ុណ្ណោះ។

លោក Iravani ក៏បានបញ្ជាក់ផងដែរថា ទោះបីជាសភា​អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយអ្នកត្រួតពិនិត្យត្រូវបានរារាំងជាបណ្តោះអាសន្នពីទីតាំងនុយក្លេអ៊ែរក៏ដោយ ក៏មិនមានការ​គំរាមកំហែងដល់បុគ្គលិក IAEA ឬ​លោក​ប្រធាន Rafael Grossi ដែរ។

ការប្រកាស​នេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធាននុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi បានព្រមានថា អ៊ីរ៉ង់អាចចាប់ផ្តើមការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងរយៈពេល​ប៉ុន្មានខែ​ខាង​មុខ បើទោះបីជាមានការវាយប្រហារតាមអាកាសនាពេលថ្មីៗ​នៅ​ក្នុង​សង្គ្រាម​១២​ថ្ងៃ​របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរសំខាន់ៗ​របស់​​ទីក្រុង​តេហេរ៉ង់​ក៏ដោយ។

ខណៈ​ការ​វាយ​ប្រហារ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ លោក Grossi បាន​​បញ្ជាក់​​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ និង​ឃ្លាំង​ស្តុក​ទុក​​នៅ​ដដែល ដោយ​រក្សា​សមត្ថភាព​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយ​លាក់​កំបាំង៕

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម