Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃនឹងពិនិត្យប្រវត្តិព្រះសង្ឃ ៣០ ម៉ឺនអង្គទូទាំងប្រទេស ក្រោយបែកធ្លាយរឿងអាស្រូវផ្លូវភេទ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី១៧ខែកក្កដា ប៉ូលិសថៃនឹងពិនិត្យមើលប្រវត្តិព្រះសង្ឃប្រមាណ ៣០ម៉ឺនអង្គនៅទូទាំងប្រទេស បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទនិងពុករលួយដ៏ធំពាក់ព័ន្ធជាមួយព្រះសង្ឃជាច្រើនអង្គ និងស្ត្រីម្នាក់។

កិច្ចប្រជុំដើម្បីត្រួតពិនិត្យព្រះសង្ឃរបស់ CIB ក្នុងទីក្រុងបាងកក។ (រូបភាព៖ CIB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ឈ្មោះ Wilawan Emsawat ត្រូវបានគេស្គាល់ថា​ជា «Sika Golf» អាយុ ៣៥ ឆ្នាំ​ត្រូវ​បាន​ប៉ូលិសចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ពីបទ​ចោទ​ប្រកាន់​ថា​បាន​ជួយ​ព្រះសង្ឃ​ជាន់​ខ្ពស់ឲ្យលួច​លុយ​វត្ត លាងលុយកង្វក់ និង​រក្សា​វត្ថុ​លួច​បានមួយ​ចំនួន។ ប៉ូលិស​និយាយ​ថា នាង​បាន​រួម​ភេទ​ជាមួយ​ព្រះសង្ឃ​ប្រហែល ១០ អង្គ ហើយ​បាន​ប្រាក់​យ៉ាងច្រើន​ពី​ព្រះសង្ឃទាំងនោះ។ ប៉ូលិស​បាន​រក​ឃើញ​វីដេអូទំនាក់ទំនងផ្លូវភេទជាច្រើននៅ​លើ​ទូរសព្ទ​របស់​នាង ហើយ​គ្រោង​នឹង​ចោទ​ប្រកាន់​នាង​ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ទៀត។

លោកឧត្តមសេនីយ៍ទោ Jaroonkiat Parnkaew ស្នងការរងនៃការិយាល័យស៊ើបអង្កេតកណ្តាល(CIB) បាននិយាយថា ពួកគេបានស្នើសុំឱ្យការិយាល័យព្រះពុទ្ធសាសនាជាតិ (NOB) ផ្តល់លេខអត្តសញ្ញាណរបស់ព្រះសង្ឃទាំងអស់ ដើម្បីឲ្យពួកគេអាចពិនិត្យមើលកំណត់ត្រាព្រហ្មទណ្ឌ។ លោក​ក៏​បាន​លើក​ឡើង​ថា ករណី​ចាស់​ទាក់ទងនឹងព្រះសង្ឃ​​ពី​មុន នឹង​ត្រូវ​បើក​ឡើង​វិញ​ផងដែរ។ លោក​បាន​រិះគន់ NOB ថា​មិន​ដាក់ទោស​ចំពោះការប្រព្រឹត្តខុសរបស់​ព្រះសង្ឃ​ធ្ងន់ធ្ងរ​កាលពី​អតីតកាល។

Wilawan Emsawat ត្រូវប៉ូលិសចាប់ខ្លួន

ខណៈពេលដែលប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មទាក់ទងនឹងព្រះសង្ឃ NOB នៅតែមានអំណាចក្នុងការដាក់ទោសព្រះសង្ឃចំពោះការបំពានសាសនាឬសីលធម៌។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​និយាយ​ថា ពួក​គេ​នឹង​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ការពារ​មុខ​មាត់​ព្រះ​ពុទ្ធ​នៅ​ប្រទេស​ថៃ ដោយប៉ូលិស​ក៏បាន​បង្កើត​មជ្ឈមណ្ឌល​ពិសេស​មួយ​ដើម្បី​ដោះស្រាយ​បណ្តឹង​អំពី​អាកប្បកិរិយា​មិន​ល្អ​របស់​ព្រះសង្ឃ។ មជ្ឈមណ្ឌល​នេះ​បាន​ទទួល​របាយការណ៍​ជាច្រើន​អំពី​ការប្រព្រឹត្ត​ខុស​រួចហើយ។

គួរបញ្ជាក់ថារឿងអាស្រូវនេះបានធ្វើឲ្យមហាជនទូទាំងប្រទេសថៃភ្ញាក់ផ្អើលនិងល្បីល្បាញជាអន្តរជាតិ ខណៈប៉ូលិសកំពុងធ្វើការឃាត់ខ្លួន ព្រះសង្ឃដែលជាប់ពាក់ព័ន្ធ ដោយមានព្រះសង្ឃខ្លះមិនត្រឹមតែពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទប៉ុណ្ណោះទេ សង្ឃខ្លះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលួចលុយវត្តនិងប្រើប្រាស់លុយវត្តមិនត្រឹមត្រូវទៀតផង៕

រូបតំណាងព្រះសង្ឃថៃ (រូបភាព៖ Pngtree)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម