Connect with us

ព័ត៌មានជាតិ

មិន​ស្តាប់​អាជ្ញាធរ បើកបរ​បំពាន​បម្រាមគោចរ​ទាំង​យប់ ឃាត់ទុក ១៤ ថ្ងៃ​ទើប​ឲ្យ​ទៅយកនៅ​ខណ្ឌ​

បានផុស

នៅ

ភ្នំពេញ៖ លោកវរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤មេសានេះថា ចាប់ពីម៉ោង៨យប់ថ្ងៃទី០២ដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៣ខែមេសា សមត្ថកិច្ចចម្រុះបានធ្វើការឃាត់យានយន្តល្មើសបម្រាមគោចររបស់សាលារាជធានីភ្នំពេញចំនួនសរុបចំនួន ៨២ គ្រឿងក្នុងនោះម៉ូតូ ​៦៩​ គ្រឿង រថយន្តចំនួន ១៣ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូតូនិងរថយន្តទាំង៨២គ្រឿងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅតាមអធិការដ្ឋានខណ្ឌនីមួយៗរយៈ​ពេល ១៤ថ្ងៃទើបប្រគល់ជូនម្ចាស់វិញ។ ចំណែកអ្នកបើកបរល្មើសនឹងបម្រាមគោចរត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមូលដ្ឋាន។

លោកបានបន្តទៀតថា នៅថ្ងៃទី០២ដែលជាថ្ងៃដំបូងនៃការនុវត្តវិធានការរបស់សាលារាជធានីភ្នំពេញមានយានយន្តដែលល្មើសនឹងបម្រាមគោចរចំនួន ៧៣ គ្រឿងក្នុងនោះមានម៉ូតូចំនួន ៦៥ គ្រឿងនិងរថយន្តចំនួន ៨ គ្រឿង។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យនោះបានបន្ថែមថាប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ​ ហើយបានចូលរួមគោរព​ និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះ​បើមិនមានការចាំបាច់​ ។ មានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ គោលចរនេះ។

លោកសង្ឃឹមជឿជាក់ថាចាប់ពីយប់នេះទៅនិងបន្តបន្ទាប់ទៀត បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរនេះ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩ ។

គួរបញ្ជាក់ថាវិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ​នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញនេះមាន​រយៈពេល២សប្តាហ៍ គឺចាប់ពី​ថ្ងៃទី០១ ​ខែមេសានេះ ​រហូតដល់​ថ្ងៃទី១៤ ​ខែមេសា​ឆ្នាំ២០២១​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម