Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យមកពីអាមេរិក កាណាដា ហ្វីលីពីន សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ផ្តល់ការវះកាត់ជូនពលរដ្ឋក្រីក្រឥតគិតថ្លៃ

បានផុស

នៅ

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី សហការជាមួយ អង្គការផ្តួចផ្តើមក្តីស្រឡាញ់មនុស្សលោក បានអញ្ជើញគ្រូពេទ្យជំនាញមកពីប្រទេសសហរដ្ឋអាមេរិក កាណាដា និងហ្វីលីពីន ផ្តល់ការវះកាត់ជំងឺទូទៅគ្រ​ប់ប្រភេទជូនប្រជាពលរដ្ឋក្រីក្រកម្ពុជាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៣-៨ ខែតុលា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវះកាត់ដោយឥតគិតថ្លៃនេះ មានដូចជា ជំងឺពកក ក្លន គ្រួសក្នុងថង់ទឹកប្រម៉ាត់ ឬសដូងបាត ឆែបមាត់ ដុំសុដន់ ដុំសាច់ក្នុងស្បូន និងគីសក្រពេញអូវែ (គីសដៃស្បូន) ជាដើម។ ការវះកាត់នេះចែកចេញជាពីរដំណាក់កាល ដោយចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ តុលា ជាថ្ងៃទទួលពិគ្រោះ និងចុះឈ្មោះ ហើយចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៨ តុលា គឺជាថ្ងៃផ្តល់ការវះកាត់ ដោយក្រុមគ្រូពេទ្យជំនាញ។

លោក អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឱ្យដឹងថា ការពិនិត្យ និងវះកាត់នេះគឺផ្តល់ឱកាលឱ្យទៅដល់ប្រជាជនក្រីក្រ មានបណ្ណសមធម៌ ឬបណ្ណហានិភ័យ ដែលមិនហួសសុពលភាព ត្រូវបានលើកទឹកចិត្តដោយមិនគិតប្រាក់ មិនបានការរើសអើង និងមិនកំណត់អាយុឡើយ។ លោកបន្តថា៖« អ្នកជំងឺត្រូវភ្ជាប់ជាមួយឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់បើមាន ហើយប្រសិនបើពេទ្យជំនាញពិនិត្យឃើញអ្នកជំងឺ ត្រូវវះកាត់ ទើបពេទ្យធ្វើការវះកាត់ជូន។ប៉ុន្តែបើពិនិត្យឃើញថា អ្នកជំងឺមិនត្រូវវះកាត់ទេ គឺគ្រូពេទ្យគ្រាន់តែផ្តល់ថ្នាំពេទ្យជូនសម្រាប់លេបរហូតដល់ជាសះស្បើយពីជំងឺ»។

លោកក៏បានបញ្ជាក់ថា ការព្យាបាលនេះមិនបានកំណត់ចំនួនមនុស្សទេ សំខាន់ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវតែរួសរាន់មកដាក់ពាក្យឱ្យបានមុនគេ។

ចំណែកលោកវេជ្ជបណ្ឌិត សំឌី សិរីគុត្ត ជំនាញវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តាមរយៈ កម្ពុជាថ្មី លើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តដែលពុំមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យឯកជន រួសរាន់មកដាក់ពាក្យ ដើម្បីទទួលការពិនិត្យដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញ។ ក្នុងនាមជាគ្រូពេទ្យ លោកប្តេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាពចូលរួមសហការផ្តល់ការវះកាត់ជំងឺឱ្យទទួលបានជោគជ័យជូនពលរដ្ឋកម្ពុជា៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម