Connect with us

សុខភាព

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ផ្តល់សេវាពិនិត្យ/ព្យាបាលជំងឺ ត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃ

បានផុស

នៅ

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី សហការជាមួយអង្គការ IMPACT Cambodia នឹងរៀបចំកម្មវិធីពិនិត្យ វះកាត់ និងផ្តល់ថ្នាំព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃ រយៈពេល ១ ថ្ងៃ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។
កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ និងបន្តពីម៉ោង ១៣:០០ រសៀល ដល់ម៉ោង ១៥:០០ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់អ្នកស្រី វង្ស ឃុនណារី មន្ត្រីអង្គការ IMPACT Cambodia បានឲ្យដឹងថា កម្មវិធីនេះរំពឹងថានឹងផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារ នៅក្នុងខេត្តរតនគិរី។ ការពិនិត្យ និងព្យាបាលមិនកំណត់អាយុឡើយ ចាប់ពីកុមារ រហូតដល់មនុស្សចាស់ ប្រសិនបើកំពុងមានជំងឺ អាចចូលរួមទទួលសេវាបាន។ ដើម្បីភាពងាយស្រួល ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះជាមុននៅមន្ទីរពេទ្យ មុនថ្ងៃកំណត់ ដើម្បីទទួលបានលេខរៀង និងអាចជួបពេទ្យជំនាញបានលឿន។ មន្រ្តីអង្គការខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងមានជំងឺរួសរាន់មកទទួលសេវាព្យាបាលឥតគិតថ្លៃ ចៀសវាងទុកជំងឺព្រោះអាចបង្កឱ្យកាន់តែធ្ងន់ធ្ងរ។

លោក អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប្រាប់កម្ពុជាជាថ្មីថា កម្មវិធីនេះគឺជាឱកាសល្អសម្រាប់អ្នកជំងឺទូទៅ ក្នុងការទទួលបានការព្យាបាលដោយឥតគិតថ្លៃ និងស្តារសុខភាពឲ្យបានប្រសើរឡើងវិញ។ ជាមួយគ្នានេះ លោកបានក្រើនរំឮកដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ឱ្យភ្ជាប់យកមកជាមួយនូវសៀវភៅ ឬប័ណ្ណពិនិត្យសុខភាព សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណក្រីក្រ ប័ណ្ណហានិភ័យ និងប័ណ្ណ បសស បើមាន ដើម្បីងាយស្រួលដល់គ្រូពេទ្យក្នុងការចុះឈ្មោះ ពិគ្រោះជំងឺ និងចុះបញ្ជី នៅអំឡុងពេលព្យាបាល៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម