Connect with us

វប្បធម៌ ជំនឿ

បេក្ខជនរីកចម្រើនផ្នែកនិពន្ធ ប៉ុន្តែនៅមានចំណុចខ្វះខាត ផ្នែកអត្ថន័យ អត្ថរស និងអត្ថរូប

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់ពានរង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២ ផ្នែកកំណាព្យរឿង និងប្រលោមលោកខ្នាតខ្លី ដល់បេក្ខជនទាំង១០រូប សម្រាប់ជយលាភីពីលេខ១ ដល់លេខ៥ ទាំងពីរផ្នែក នៅទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បេក្ខជនទាំងអស់មានការរីកចម្រើនផ្នែកនិពន្ធយ៉ាងណាក្តី ក៏នៅមានចំណុចខ្វះខាតមួយចំនួនដូចជា ផ្នែកអត្ថន័យ អត្ថរស និងអត្ថរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុក រស់ ជាប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា លទ្ធផលជារួមដែលគណៈកម្មការបានដាក់ពិន្ទុ និងវាយតម្លៃ ឃើញថា មានដាក់ជាបញ្ហាចោទ ការប្រើប្រាស់ពាក្យពេចន៍ និងប្រយោគប្រទាក់គ្នាបានល្អ។ ព្រមទាំងបានអប់រំមនុស្សឱ្យស្គាល់ពីតម្លៃរបស់ខ្លួន ចេះជួយគ្នា​ បំបាត់ការរើសអើងក្នុងសង្គម ដែលទាំងនេះបង្ហាញពីការអប់រំដល់សង្គម។

លោកបន្តថា ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកនិពន្ធមួយចំនួន នៅមិនទាន់យល់ច្បាស់ពីអត្ថន័យ អត្ថរស អត្ថរូប និងខ្លឹមសារនៃការបង្កើតស្នាដៃរបស់ខ្លួននៅឡើយទេ។

ចំពោះ លោក យូ សុភា ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកអនុគណៈកម្មការកំណែផ្នែកប្រលោមលោកខ្នាតខ្លី មានចំណាប់អារម្មណ៍ថា ស្នាដៃទាំង១០ របស់ជយលាភី គឺសុទ្ធតែជាស្នាដៃដែលមានអត្ថន័យ អត្ថរស និងអត្ថរូបបានល្អ ឆ្លើយតបជា​មួយនឹងតម្រូវការរបស់ការប្រឡង។ ទោះបីជាបេក្ខជនទាំងអស់មានការរីកចម្រើនផ្នែកនិពន្ធយ៉ាងណាក្តី ក៏នៅមានចំណុចខ្វះខាតមួយចំនួនដូចជា ផ្នែកអត្ថន័យ ពោលគឺ បេក្ខជនមួយចំនួន នៅមិនទាន់អាចបង្ហាញពីលក្ខណៈពិសេសរបស់សង្គមទាំងមូលបាននៅឡើយទេ។

ចំពោះផ្នែកអត្ថរស បេក្ខជនមួយចំនួន បានប្រពាក្យពេចន៍មួយចំនួនមិនគប្បី អសុរោះនៅក្នុងសាច់រឿង មិនត្រូវតាមក្បួនខ្នាតអក្សរសិល្ប៍ទេ មួយវិញទៀត ដំណើររឿង និងដំណោះស្រាយនៃរឿង ក៏មានចំណុចមួយចំនួននៅខ្វះខាតច្រើន ពុំទាន់ទទួលយកបាន។ ចុងក្រោយគឺផ្នែក អត្ថរូប គឺស្នាដៃមួយចំនួន បន្ទាប់ពីអានរួច នៅមិនទាន់មើលឃើញពីតម្លៃអប់រំ ការបង្ហាញពីសីលធម៌ អត្តសញ្ញាណជាតិ របៀបរបបរស់នៅរបស់ប្រជាជននៅក្នុងរឿង នៅមិនទាន់មានភាពច្បាស់លាស់។

លោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់ ជាម្ចាស់ជយលាភីលេខ១ ផ្នែកប្រលោមលោកខ្នាតខ្លីរឿង “បណ្តឹងសហគមន៍” បានថ្លែងក្នុងពិធីប្រគល់រង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២នេះថា លោកពិតជាមានសេចក្តីត្រេកអរជាពន់ពេក ដែលលោកអាចយកជយលាភីលេខ១នេះបាន ព្រោះនេះជាលើកទី២ នៃការប្រឡងរបស់លោក ដោយលោកធ្លាប់ប្រឡងម្តងរួចមកហើយកាលពីឆ្នាំ២០១១ ប៉ុន្តែមិនទទួលបានភាពជោគជ័យឡើយ។

ម្ចាស់ជយលាភី រូបនេះបានបន្តថា ទោះបីជាលោកទទួលបានជយលាភីលេខ១​ យ៉ាងណាក្តី ក៏លោកមើលឃើញពីភាពខ្វះខាតរបស់ខ្លួនមួយចំនួន ព្រមទាំងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ មិនតែប៉ុណ្ណោះ លោក ហ៊ុយ សារ៉ាត់ មើលឃើញថា ការកម្មវិធីប្រឡងនេះ គឺជាកម្មវិធីមួយដែលល្អ និងជាការលើកទឹកចិត្តដល់កវីនិពន្ធគ្រប់រូបនៅកម្ពុជា អាចបញ្ចេញស្នាដៃនិពន្ធរបស់ខ្លួនបានយ៉ាងល្អ។ មួយវិញទៀត ក៏ជាការលើកស្ទួយដល់វិស័យនិពន្ធ និងអក្សរសាស្រ្តខ្មែរ ឱ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខទៀត។

គួរបញ្ជាក់ថា ជយលាភីលេខ១ ផ្នែកកំណាព្យរឿង បានទៅលើរឿង “គុណការងារ” និពន្ធដោយលោក ភិរម្យ ដារ៉ា ដែលលោកគឺជាមន្ត្រីរាជការនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។ ជយលាភីលេខ២ បានទៅលើកំណាព្យរឿង  “អ្នកគ្រូជាយដែន” និពន្ធដោយលោក មឿន សំណាង ជាបុគ្គលិកធនាគារនៅខេត្តឧត្តរមានជ័យ។ ជយលាភីលេខ៣ បានទៅលើកំណាព្យរឿង “មេស្រុក” និពន្ធដោយលោក ជួន ខ្មៅ ជាគ្រូបង្រៀនមុខវិជ្ជា គីមីវិទ្យានៅខេត្តព្រះសីហនុ។ ជយលាភីលេខ៤ បានទៅលើកំណាព្យរឿង “ព្យុះជីវិតនាងរស្មី” ស្នាដៃនិពន្ធរបស់លោក ចំរើន សុភ័ក្រ ជាគ្រូបង្រៀនមកពីខេត្តកំពត។ រីឯ ជយលាភីលេខ៥ គឺបានទៅលើស្នាដៃកំណាព្យរឿង “សន្សើមសន្តិភាព” របស់លោក សាម សុនិត មកពីខេត្តកំពង់ចាម ប៉ុន្តែជារឿងគួរឱ្យស្តាយដែលលោកបានលាចាកលោកទៅហើយ កាលពីខែតុលា ក្នុងវ័យ ៣៧ឆ្នាំ ដោយរោគាពាធ។

ចំណែកឯកជយលាភីផ្នែករឿងប្រលោមលោកខ្នាតខ្លីវិញគឺ ជយលាភីលេខ១ បានទៅលើរឿង “បណ្តឹងសហគមន៍” របស់លោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់។ ជយលាភីលេខ២ បានទៅលើរឿង “សំនៀងប៊ិឡានី” និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ នៅរាជធានីភ្នំពេញ។ ជយលាភីលេខ៣ បានទៅលើរឿង “ថ្ងៃរះហើយពុក” និពន្ធដោយលោក ពៅ មករា នៅរាជធានីភ្នំពេញ។ ជយលាភីលេខ៤ គឺរឿង “បាសាក់” របស់លោក តុប ច័ន្ទរិទ្ធ មកពីខេត្តបាត់ដំបង។ ចំពោះជយលាភីលេខ៥ គឺស្នាដៃរឿង “ក្រាំងតាត្រាវ” និពន្ធដោយលោក សៀង ឈុនលី ដែលជាបេក្ខជនមកពីខេត្តកំពង់ស្ពឺ។

ការប្រឡងតែងនិពន្ធពានរង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២នេះ មានបេក្ខជនដាក់ស្នាដៃប្រឡងសរុបចំនួន ១០៤ស្នាដៃ ក្នុងនោះមានផ្នែករឿងប្រលោមលោកខ្នាតខ្លីចំនួន ៧៦ស្នាដៃ និងផ្នែកកំណាព្យរឿង មានចំនួន ២៨ស្នាដៃ។ ក្នុងការប្រឡងនេះ មានស្នាដៃរបស់បេក្ខនារីចំនួន ៤២ស្នាដៃ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ នាទី មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម៤ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម