វប្បធម៌ ជំនឿ
ក្រុមការងារជួសជុលប្រាសាទអង្គរវត្ត មានអារម្មណ៍ ដូចនៅសម័យសាងសង់ប្រាសាទ
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុល និងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ។ ដោយសារទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២ នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។

សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។ បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា ក្រុមការងារជួសជុលនៅតែមានមោទនភាព ដោយសារតែពួកគេបានចូលរួមការងារដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្តពួកគាត់មានទឹកចិត្តតស៊ូ ជម្នះនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នាជាកម្លាំងតែមួយក្នុងការអូសថ្មដែលមានទម្ងន់ធ្ងន់ៗឱ្យបានដល់គោលដៅ។

លោក ម៉ៅ ឡាន ក្រុមការងារអូសថ្ម លើកឡើងថា កន្លងមកមិនមានការដ្ឋានការងារណាមានឧបសគ្គច្រើន ត្រូវប្រើកម្លាំងមនុស្សអូសទាញដុំថ្មធំៗច្រើនដំណាក់កាលដូចនៅប្រាសាទអង្គរវត្តនោះទេ។ លោកបានឱ្យដឹងថា រូបលោកគឺជាអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុម ដែលមានតួនាទីអូសថ្ម។ បើទោះបីជាយ៉ាងណា ក្នុងនាមជាអ្នកមានបទពិសោធន៍លើការងារជួសជុលប្រាសាទជាច្រើនឆ្នាំមកហើយ លោកតែងតែផ្តល់យោបល់ដល់ក្មេងៗជំនាន់ក្រោយជានិច្ច។

លោក ម៉ៅ ឡាន បានឱ្យដឹងទៀតបន្តថា ការអូសថ្ម១ដុំៗយកទៅជួសជុលប្រាសាទបាន គឺត្រូវរៀបរន្ទាដោយប្រើដែក និងឈើធ្វើជាស្ពានជាមុន ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ថ្មប្រាសាទ។ ចំណែកការងារទៀតសោតក៏ត្រូវមានភាពអត់ធ្មត់ និងធ្វើដោយក្តីស្រឡាញ់ ពីព្រោះប្រាសាទអង្គរវត្តគឺជាដួងព្រលឹងរបស់ខ្មែរ តាំងពីបុរាណកាលដែលមិនអាចកាត់ថ្លៃបាន។

យុវជនម្នាក់ទៀតនៅក្នុងក្រុមការងារអូសថ្ម លោក ស៊ុំ ស៊ីន មានវ័យក្មេងជាងគេបានយល់ឃើញថា កាលពីជាតិមុន រូបលោកប្រហែលជាអ្នកកសាងប្រាសាទក៏មិនដឹង ទើបធ្វើឱ្យពេលនេះ មានចិត្តស្រឡាញ់ប្រាសាទបុរាណ ហើយបច្ចុប្បន្ន រូបលោកក៏ពេញចិត្តរួមចំណែកក្នុងការងារនេះ។ យុវជន ស៊ុំ ស៊ីន យល់ថា ការងារជួសជុលប្រាសាទបុរាណដោយប្រើកម្លាំងមនុស្សសុទ្ធនេះ អាចសម្រេចទៅបានដោយសារតែកម្លាំងសាមគ្គីគ្នា។

គួរបញ្ជាក់ថា ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣។ ជារៀងរាល់ថ្ងៃក្រុមការងារពេញចិត្តធ្វើការងារអូសទាញថ្មធំៗឡើងទៅជួសជុលប្រាសាទបុរាណយ៉ាងខ្លាំង ដោយមិនមានសម្ពាធ និងមិនសូវហត់នឿយទេ គឺបែរជាសប្បាយទៅវិញ នៅពេលបានធ្វើការងារជួយថែរក្សា និងការពារស្នាដៃរបស់ដូនតា សម្រាប់បន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយបានឃើញយូរអង្វែង៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


