Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រកាសការរឹតត្បឹតនាំចេញថ្មីលើ​បច្ចេកវិទ្យារ៉ែកម្រ ខណៈសង្រ្គាមពាណិជ្ជកម្មបន្ត

បានផុស

នៅ

ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការ​រឹតត្បឹត​ថ្មីលើការនាំចេញបច្ចេកវិទ្យា​​រ៉ែកម្រ ដោយតម្រូវឱ្យក្រុមហ៊ុនបរទេស និងក្នុងស្រុក​មាន​អាជ្ញាប័ណ្ណពិសេសសម្រាប់ទំនិញដែល​គេអាចយកទៅប្រើសម្រាប់ទំនើបកម្ម​យោធា​ ដែលវា​ជាជំហាន​គ្រប់គ្រងវត្ថុធាតុដើមសំខាន់សម្រាប់វិស័យបច្ចេកវិទ្យា ចំពេលដែលសង្រ្គាមពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិកនៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន investingLive។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចាប់ពីថ្ងៃទី ១ ខែធ្នូទៅ ក្រុមហ៊ុនបរទេស និងបុគ្គល ដែល​ចង់នាំចេញផលិតផលរ៉ែកម្រ ដែលត្រូវបាន​ចាត់ថ្នាក់ថាជា «វត្ថុអាចប្រើប្រាស់បាន​២មុខ» ​(វត្ថុដែលអាច​ប្រើប្រាស់ទាំងសម្រាប់ស៊ីវិល និងយោធា) នោះ​ ​ត្រូវតែមាន​អាជ្ញាប័ណ្ណនាំចេញសម្រាប់«វត្ថុអាចប្រើប្រាស់បាន​២មុខ» ​ជាមុខសិន។ ​អ្នកនាំចេញក្នុងស្រុកឯណោះវិញ ក៏​ត្រូវតម្រូវឱ្យចេញការ​ប្រកាសអំពីប្រទេសគោលដៅចុងក្រោយ ឬតំបន់ដែលទំនិញត្រូវដឹកជញ្ជូនទៅផងដែរ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន​រដ្ឋចិន Global Times ​ការរឹតត្បឹតចុង​ក្រោយ​​សំដៅលើ​បច្ចេក​វិទ្យា​ពាក់ព័ន្ធរ៉ែកម្រ រួម​​ទាំងការទាញ​យក​រ៉ែ​​កម្រ ​ការចម្រាញ់​ ការ​ផលិត​សម្ភារៈ​ម៉ាញេទិក​​ និង​ការ​កែច្នៃ​ធនធាន​បន្ទាប់​បន្សំ​នៃ​​រ៉ែកម្រជាដើម​​។

លើសពីនេះ ក្រសួងបាននិយាយថា ការនាំចេញដែលទាក់ទងនឹងការរចនា ​អភិវឌ្ឍន៍ ការផលិត ឬការប្រើប្រាស់អាវុធប្រល័យលោក នឹងមិនត្រូវបានអនុម័តឱ្យ​នោះទេ។ ​ការ​កម្រិត​នេះ ចូលជាធរមានភ្លាមៗ។ ការហាមឃាត់ក៏ត្រូវបាន​កម្រិត​លើ​ការនាំចេញ​ទៅកាន់អ្នកប្រើប្រាស់ជា​យោធា​នៅ​បរទេស ​និង​អ្នកនាំចូល ឬអ្នកប្រើប្រាស់ចុងក្រោយ ដែលជាប់ក្នុងបញ្ជីរងការតាមដានផ្លូវការ​ផងដែរ។ ​

គេមើលឃើញថា ការប្រកាសរបស់ចិន​ឥឡូវនេះ ធ្វើឡើងចំពេលដែល​ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយកាន់តែខ្លាំងឡើងៗ ដោយ​ចិន​ខំប្រឹងពង្រឹងអំណាចរបស់ខ្លួន​លើធនធានរ៉ែកម្រ ដែលខ្លួននាំមុខគេស្ទើរតែ ៩០ ភាគរយ នៃការចម្រាញ់ និងការទាញយក។ ការរឹតត្បឹតរ៉ែកម្រនេះ ត្រូវបាន​ចិនយកធ្វើជាអាវុធមួយ​ ក្នុងជម្លោះពាណិជ្ជកម្ម​ពន្ធគយជាមួយ​សហរដ្ឋអាមេរិក​នៅឆ្នាំនេះ ដោ​យក្លាយជាប្រធានបទដ៏សំខាន់លើការចរចាពាណិជ្ជកម្មអាមេរិក-ចិន ដែល​កំពុងបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម