ព័ត៌មានជាតិ
រដ្ឋាភិបាលដាក់ចេញផែនការចំនួន៣ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើ ងថារាជរដ្ឋាភិបាលនឹងដាក់ចេញផែនការចំនួន៣ដើម្បីស្តារនិងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅពេល វិបត្តិកូវីដ១៩បានបញ្ចប់។
ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជានៅព្រឹកថ្ងៃទី១៧ធ្នូនេះ លោកបានបន្តថាផែនការស្តារសេដ្ឋកិច្ចដែលផ្តោតលើលើមុខព្រួញ ចំនួន៣នោះរួមមាន ទី១.បន្តអនុវត្តគោលនយោបាយចម្រុះ រវាងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធ និងគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីធានាថាម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋានគឺយើងអាចគ្រប់គ្រងបាន ក៏ដូចជាដើម្បីធ្វើយ៉ាងណាឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅតែដំណើរការ ។
ទី២. បន្តកែទម្រង់រចនាសម្ព័ន្ធ ដើម្បីបន្តដោះស្រាយតាមតែអាចធ្វើទៅបាន ចំពោះបញ្ហាដែលជាកត្តារាំងស្ទះនានា ដែលជា គន្លឹះក្នុងការពង្រីកសក្តានុពល លើការងារពង្រឹងភាពប្រកួតប្រជែងរបស់យើង ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងទី៣. បង្កើនការវិនិយោគបន្ថែមលើវិស័យគន្លឹះៗ ដើម្បីទ្រទ្រង់កំណើន សម្រាប់ការងើបឡើងវិញនៃសេដ្ឋ កិច្ចដូចជាវិស័យហេដ្ឋា-រចនាសម្ព័ន្ធ, ការតភ្ជាប់, បច្ចេកវិទ្យាឌីជីថល ដែលសុទ្ធតែមានភាពចំបាច់ក្នុងពិភពលោកក្រោយបរិការណ៍ជំងឺកូវីដ-៩។

លោកបានបន្ថែមថា« ជាមួយគ្នានេះ យើងក៏ត្រូវបង្កើនការវិនិយោគបន្ថែមលើវិស័យធនធានមនុស្ស ប្រព័ន្ធសុខមាលភាពសង្គម ក្នុងនោះរួមទំាំងផ្នែកថែទាំសុខភាព និងផ្នែកព្យាបាលជំងឺ ដើម្បីអាចធានាបានថា នៅពេលដែលមានជំងឺ កូវីដ-១៩ ឬជំងឺឆ្លងផ្សេងទៀតដូចករណីជំងឺកូវីដ-១៩ ត្រឡប់មកវិញ យើងអាចទប់ស្កាត់បានប្រកបដោយស័ក្តិសិទ្ធភាព។ ជារួមគឺយើងត្រូវពង្រឹងភាពធន់របស់កម្ពុជាយើង ទាំងខាងផ្នែក ធនធានមនុស្ស ផ្នែកសមត្ថភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសមត្ថភាពឆ្លើយតបនឹងកត្តាប្រឈមផ្សេងៗទៀត ដូចជាការប្រែប្រួលអាកាសធាតុ ដែលកំពុងក្លាយជាតថភាពជាក់ស្តែងមួយក្នុងសង្គមផងដែរ»។
លោកបានបញ្ជាក់ថាដូចនេះ សម្រាប់ក្របខណ្ឌ នៃការវិនិយោគរយៈពេលវែងនៅកម្ពុជា យើងកំពុងពិនិត្យមើលគ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់ ដែលពិភពលោក ក្រោយកូវីដ-១៩ ក្នុងនោះរាប់ទាំងកម្ពុជាផងដែរ ត្រូវប្រឈមនិងត្រូវរៀនរស់ជាមួយប្រក្រតីថ្មី ដើម្បីឆ្លងផុតកត្តាប្រឈម ទាំងនោះ ហើយអាចងាកទៅគន្លងនៃកំណើន និងគន្លងឆ្ពោះទៅគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
លោកបានបន្តទៀតថាយើងត្រូវធ្វើកិច្ចការនេះជាសាកល ដោយអនុវត្តវិធានការដោយឡែកជាក់ស្តែងតាមបរិការណ៍របស់ប្រទេសយើង ហើយប្រទេសយើងនឹងចូលរួមចំណែកក្នុងកិច្ចការនេះ ក្នុងបរិការណ៍ពិភពលោកថ្មី ឬ ប្រក្រតីភាពថ្មី (New Normal)។
លោក វង្សី វិស្សុត បានមានប្រសាសន៍ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាបានថា យើងអាចយកឈ្នះនូវសមរភូមិទាំង៣ ក្នុងនោះមាន៖ ទី១.ការពារអាយុជីវិតរបស់ប្រជាជន ទី២.ការ ពារជីវភាពរស់នៅរបស់ប្រជាជន និង ទី៣.ការពារមុខរបរអាជីវកម្មរបស់ប្រជាជន ដើម្បីឱ្យអាជីវកម្មទាំងនោះអាចងើបឡើងវិញបានឆាប់រហ័ស ក្នុងការឈានទៅរកការស្តារប្រទេសឡើងវិញ ដើម្បីរុញកំណើនសេដ្ឋកិច្ច និងបន្តការងារអភិវឌ្ឍន៍ប្រទេសឱ្យអាចដំណើរការជាប្រក្រតីឡើងវិញ។

លោកបានបន្តថា «ដូចដែលយើងបានដឹងហើយ ស្ថានការណ៍នៅប្រទេសកម្ពុជា គឺមិនជាអាក្រក់ពេកទេ តែក៏មិនល្អទាំងស្រុងដែរ ពោលគឺយើងស្ថិតក្នុងកម្រិតមធ្យម ក្នុងកិច្ចការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ជាក់ស្តែងកន្លងមកនេះ យើងមានករណីចម្លងក្នុងសហគមន៍ជាលើកដំបូង ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់យើងខ្ញុំ តែមកទល់ពេលនេះ យើងអាចគ្រប់គ្រងស្ថានការណ៍បានមួយកម្រិត ត្បិតថាហានិភ័យនៅតែមាន ហើយយើងក៏នៅតែបន្តធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងការរាតត្បាត»។
លោកបានបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងនេះក្តី ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅតែស្ថិតក្នុងកម្រិតមួយ ដែលមិនជាអាក្រក់ខ្លាំងនោះទេ ជាពិសេសពាក់ព័ន្ធនឹងកិច្ចការធានាបាននូវស្ថេរភាពសង្គម ដោយសាររាជរដ្ឋាភិបាលបានខ្នះខ្នែងធ្វើយ៉ាងណាដើម្បីធានាបានថា ប្រជាជនអាចរក្សាបានការងារ ក៏ដូចជាមានមធ្យោបាយដើម្បីរស់បានក្នុងគ្រាដ៏លំបាកនេះ ហើយយើងនឹងបន្តធានាថា យើងផ្តល់ការយកចិត្តទុកដាក់ដល់ប្រជាជនគ្រប់រូប ដោយមិនគិតថា ក្នុងប្រព័ន្ធ ឬវិស័យក្រៅប្រព័ន្ធ ឬជាកម្មករ កសិករ ឬម្ចាស់អាជីវកម្មនោះឡើយ គឺត្រូវឱ្យពួកគាត់រស់បាន និងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ត្រឡប់មកចូលរួមជាកម្លាំងរុញច្រានកំណើនសេដ្ឋកិច្ចឡើងវិញ៕
សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


