Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិសង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យក្រុមហ៊ុនជុំវិញពិភពលោក ខាតបង់ជាង ២៥ពាន់លានដុល្លារ

បានផុស

នៅ

យោងតាមការវិភាគទិន្នន័យយ៉ាងដិតដល់ពីសារព័ត៌មាន Reuters ដែលត្រូវ​បាន​ចុះផ្សាយ​​នាថ្ងៃទី​១៨ ខែ​ឧសភា នេះ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យក្រុមហ៊ុនធំៗ ជុំវិញពិភពលោក ខាតបង់ប្រាក់អស់យ៉ាងហោចណាស់ ២៥ ពាន់លានដុល្លារទៅហើយ ហើយចំនួននៃការខាតបង់នេះ កំពុងតែបន្តកើនឡើងជាលំដាប់ឥតឈប់ឈរ។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនល្បីៗ ដែលចុះបញ្ជីពាណិជ្ជកម្មនៅអាមេរិក អឺរ៉ុប និងអាស៊ី បានបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យព្រួយបារម្ភមួយ។ បច្ចុប្បន្ន ពិភពជំនួញ កំពុងតែរងការវាយប្រហារយ៉ាងដំណំ ដោយសារតម្លៃថាមពល ដែលហក់ឡើងខ្ពស់កប់ពពក ខ្សែសង្វាក់​ផ្គត់ផ្គង់ត្រូវកាត់ផ្តាច់ និងផ្លូវនាវាចរណ៍ពាណិជ្ជកម្មត្រូវជាប់គាំង បន្ទាប់ពីអ៊ីរ៉ង់ បានប្រើវិធានការក្តៅ ក្នុងការបិទខ្ទប់​ច្រក​សមុទ្រហ័រមូស (Hormuz) ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់។

ស្ថានភាពនេះ បានបង្ខំឱ្យក្រុមហ៊ុនយ៉ាងហោចណាស់ ២៧៩ ក្រុមហ៊ុន ចេញមុខមកប្រកាសពីការដាក់ចេញវិធានការការពារខ្លួន ដើម្បីទប់ទល់នឹងការខាតបង់ រួមមានការដំឡើងថ្លៃទំនិញ និងការកាត់បន្ថយសង្វាក់​ផលិតកម្ម ជាដើម។ ក្រុមហ៊ុនខ្លះទៀត ត្រូវបង្ខំចិត្តផ្អាកការចែកភាគលាភ ព្យួរការងារបុគ្គលិក បន្ថែមថ្លៃសេវាលើការដឹកជញ្ជូន ឬសូម្បីតែរត់ទៅស្វែងរកជំនួយសង្គ្រោះបន្ទាន់ពីរដ្ឋាភិបាល។

ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនេះ ត្រូវបានលោក Marc Bitzer នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ Whirlpool ធៀបទៅនឹងវិបត្តិហិរញ្ញវត្ថុពិភពលោក កាលពីអតីតកាល ដោយលោកបានសម្រេចចិត្តកាត់បន្ថយការព្យាករប្រាក់ចំណេញពេញមួយឆ្នាំចុះពាក់កណ្តាល និងផ្អាកការចែកភាគលាភ ព្រោះតែអតិថិជន លែងសូវចង់ទិញរបស់ថ្មី ហើយងាកទៅជួសជុលរបស់ចាស់ប្រើប្រាស់ជំនួសវិញ។ មិនមែនមានតែក្រុមហ៊ុនមួយនេះទេ សូម្បីតែក្រុមហ៊ុនយក្ស Procter & Gamble (P&G) ក្រុមហ៊ុនផលិតស្រោមអនាម័យ Karex របស់ម៉ាឡេស៊ី និងក្រុមហ៊ុនឡាន Toyota ក៏បានចេញមុខមកព្រមានពីផលប៉ះពាល់ស្រដៀងគ្នានេះដែរ ស្របពេលដែលសង្គ្រាមបានឈានចូលដល់ខែទី៣។

ការដែលអ៊ីរ៉ង់បិទផ្លូវទឹកនេះ បានរុញច្រានឱ្យតម្លៃប្រេងឆៅហក់ឡើងហួស ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងជាង ៥០ ភាគរយ បើធៀបនឹងមុនពេលមិនទាន់មានសង្គ្រាម។ ក្នុងចំណោមអ្នករងគ្រោះទាំងអស់ វិស័យអាកាសចរណ៍ គឺជាអ្នករងសម្ពាធខ្លាំងជាងគេ ដោយត្រូវរ៉ាប់រងលើការខាតបង់ជិត ១៥ ពាន់លានដុល្លារ ព្រោះតែតម្លៃប្រេងយន្តហោះ បានកើនឡើងជិតទ្វេដង។ ជាមួយគ្នានេះ ក្រុមហ៊ុនឡាន Toyota បានព្រមានពីការខាតបង់រហូតដល់ ៤,៣ ពាន់លានដុល្លារ ចំណែកឯក្រុមហ៊ុន P&G ប៉ាន់ស្មានថា នឹងត្រូវខាតបង់ប្រាក់ចំណេញ ក្រោយកាត់ពន្ធប្រហែល ១ ពាន់លានដុល្លារ។ សូម្បីតែក្រុមហ៊ុនអាហារសម្រន់ McDonald’s ក៏បានត្អូញត្អែរពីការកើនឡើងនៃអតិផរណា និងតម្លៃហ្គាស ដែលធ្វើឱ្យកម្លាំងទិញរបស់អតិថិជន ដែលមានចំណូលទាបធ្លាក់ចុះយ៉ាងខ្លាំង។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា បើទោះបីជារបាយការណ៍ចំណូល​ប្រចាំត្រីមាសទីមួយរបស់ក្រុមហ៊ុនមួយចំនួននៅមើលទៅមានភាពល្អប្រសើរ ដែលជួយឱ្យសន្ទស្សន៍ផ្សារភាគហ៊ុនដូចជា S&P 500 បន្តឡើងខ្ពស់ក៏ពិតមែន ប៉ុន្តែផលប៉ះពាល់ពិតប្រាកដនៃសង្គ្រាមនេះ ទើបតែចាប់ផ្តើមលេចចេញជារូបរាងនៅក្នុងត្រីមាសទីពីរនេះតែប៉ុណ្ណោះ។ នៅពេលដែលការការពារហានិភ័យតម្លៃប្រេងត្រូវអស់សុពលភាព ក្រុមហ៊ុននានា នឹងលែងមានសមត្ថភាពក្នុងការរុញបន្ទុកការចំណាយទាំងនេះទៅឱ្យអ្នកប្រើប្រាស់ទៀតហើយ ដែលវានឹងធ្វើឱ្យប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនទាំងនោះ ត្រូវធ្លាក់ចុះយ៉ាងគំហុក នៅក្នុងពាក់កណ្តាលឆ្នាំក្រោយនេះជាមិនខាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម