សេដ្ឋកិច្ច
អ្នកជំនាញបញ្ជាក់ពីមូលហេតុដែលនាំឱ្យវិស័យកសិកម្មកម្ពុជា ដើរយឺតជាងប្រទេសជិតខាង
កសិកម្ម គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ កម្ពុជា មានផ្ទៃដីកសិកម្មធំទូលាយ ហើយអំណោយផលអនុគ្រោះផ្នែកវិស័យកសិកម្ម។ គេហទំព័រ Open Development Cambodia បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរប្រមាណ ៧៦% គឺជាកសិករធ្វើស្រែចម្ការ និងដាំដំណាំផ្សេងៗ។

តើហេតុអ្វីបានជាវិស័យកសិកម្មកម្ពុជា ដើរយឺតជាងប្រទេសជិតខាង?
ជាការពិត វៀតណាម និងថៃ បានដើរមុខកម្ពុជា មួយជំហានលើវិស័យកសិកម្ម។ លោក សុខ សុថា ប្រធានសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានលើកឡើងថា វៀតណាម និងថៃ ពិតជាឈានមុខកម្ពុជា លើវិស័យកសិកម្មនេះ។ លោកបន្តថា កសិកម្មនៅកម្ពុជា គឺនៅមានកម្សោយច្រើន ទាំងផ្នែកបច្ចេកទេស ធនធាន ជំនាញចំណេះដឹង នៅមានកម្រិត។ ម្យ៉ាងទៀត កសិករនៅតែបន្តអនុវត្តការធ្វើកសិកម្មបែបប្រពៃណីខ្នាតតូច ដោយមិនទាន់បានយល់ដឹងស៊ីជម្រៅ នៃការផ្លាស់ប្តូរឱ្យកា្លយទៅជាកសិឧស្សាហកម្ម និងចងក្រងជាសហគមន៍ ដើម្បីទទួលបានផលចំណេញរួម និងការចំណាយលើការផលិតតិច។ ទាក់ទងនឹងបញ្ហាបច្ចេកទេស លោកបានឱ្យដឹងទៀតថា បញ្ហាពីរដែលកើតមាននោះ គឺទីមួយ អ្នកបច្ចេកទេសមិនទាន់ចូលដល់សហគមន៍ ហើយក្នុងសហគមន៍ផ្ទាល់ មិនទាន់មានជំនាញបច្ចេកទេសកសិកម្ម ជាមូលដ្ឋាន។
លោកបានបញ្ជាក់ដូច្នេះថា៖«និស្សិតកសិកម្មមួយចំនួន ពេលរៀនចប់មិនទៅធ្វើកសិកម្មផ្ទាល់ទេ បែរជាធ្វើត្រឹមតែជាអ្នកប្រឹក្សាយោបល់ផ្នែកកសិកម្មដល់កសិករទៅវិញ» ។

អ្នកជំនាញកសិកម្មរូបនេះ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ទោះបីជាយឺតយ៉ាវក្រោយគេបន្តិច តែកសិកម្មកម្ពុជា កំពុងតែពង្រឹងឱ្យកាន់តែរឹងមាំ តាមរយៈការពន្យល់កសិករជាមុន ឱ្យយល់ដឹងពីគុណតម្លៃសារៈប្រយោជន៍នៃការចងក្រងជាសហគមន៍កសិករ និងការទម្លាក់ថវិការជាច្រើនទៅតាមផែនការអភិឌ្ឍន៍របស់រដ្ឋាភិបាល។
ទាក់ទងទៅនឹងទីផ្សារកសិផល លោក សុខ សុថា កត់សម្គាល់ឃើញថា ទីផ្សារមានច្រើនមិនខ្វះនោះទេ ទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែផលិតផលរបស់យើងមិនអាចប្រកួតប្រជែងជាមួយគេបាន ដោយសារផលិតផលនាំចូលមានតម្លៃធូរថ្លៃជាងផលិតផលក្នុងស្រុក។ ប៉ុន្តែកត្តាដែលយើងប្រកួតប្រជែងមិនឈ្នះគេ ដោយសារ«គោលនយោបាយទឹក ភ្លើងនៅខ្សោយ វត្ថុធាតុដើមមានតម្លៃថ្លៃ ហើយប្រាក់កម្ចីធ្វើជាដើមទុនពីធនាគាររបស់កសិករនៅមានកម្រិត»។ ត្រង់ចំណុចនេះ លោក សុថា ពន្យល់ថា ទឹកភ្លើង មានតម្លៃថ្លៃ ឯកម្ចីដើមទុនពីធនាគារគ្មានការធានាផ្តល់ទំនុកចិត្តដល់កសិករ នៅពេលដែលកសិករខាតបង់ក្នុងវិស័យកសិកម្ម ប្រកដណាស់ ពិតជាមិនមានដើមទុនស្តារឡើងវិញទេ ដែលខុសពីថៃ និងវៀតណាម នៅពេលដែលកសិករ មានបញ្ហាខាតបង់ពីវិស័យកសិកម្ម ស្ថាប័នពាក់ព័ន្ធនឹងជួយដោះស្រាយ ដោយសម្រាលបន្ទុកកសិករ តាមរយៈការផ្តល់ដើមទុនបន្ថែម ដើម្បីស្រោចស្រង់ឡើងវិញ»។

ពាក់ព័ន្ធបញ្ហាកសិកម្មនេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ចេញជាទស្សនៈថា «មូលហេតុដែលវិស័យកសិកម្មកម្ពុជា ដើរយឺតជាងប្រទេសជិតខាង ដោយសារតែតម្លៃវត្ថុធាតុដើមយើងខ្ពស់ ទើបមិនអាចប្រៀបធៀបជាមួយប្រទេសវៀតណាម និងថៃបាន។ លោកថា ទីផ្សារ គឺមានការបើកទូលាយសម្រាប់ផលិតផលទាំងអស់។ ម្យ៉ាងទៀត រដ្ឋគួរតែជួយដោះស្រាយពីបញ្ហាពន្ធ ក្នុងស្រុក និងការនាំចេញដល់ប្រជាកសិករ ដើម្បីជាភាពងាយស្រួលសម្រាប់ធ្វើការវិនិយោគផ្សេងៗក្នុង វិស័យនេះ»។

លើសពីនេះទៅទៀត ទាក់ទិនផ្នែកឯកជនក្នុងវិស័យកសិកម្ម លោកឧកញ៉ា លឹម ហេង មើលឃើញថា មានសហគ្រាសច្រើនចង់ ចូលរួមក្នុងវិស័យកសិកម្ម ប៉ុន្តែក៏ត្រូវការការគាំពារពីរដ្ឋផងដែរ។ សព្វថ្ងៃ មានសហគ្រាសជាច្រើនដែលកំពុងដំណើរការក្នុងវិស័យកសិកម្ម បានស្នើឱ្យរដ្ឋជួយផ្តល់កម្ចី និងផ្នែកបច្ចេកទេសដល់ប្រជាកសិករ ជាពិសេសបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មក្នុងស្រុក ដើម្បីទាញប្រយោជន៍បានច្រើនពីវិស័យនេះ។

«កាលណាដែលគ្មានរោងចក្រកែច្នៃ តម្រូវឱ្យយើងនាំចេញបានតែផលិតផលមិនទាន់សម្រេចប៉ុណ្ណោះ។ វាជាការបាត់បង់តម្លៃបន្ថែម នៅពេលគ្មានរោងចក្រកែច្នៃ ដូចជាការនាំចេញស្រូវជាដើម បើសិនជាមានរោងចក្រ យើងអាចចំណេញបានធាតុផ្សំផ្សេងៗជាច្រើន ដូចជា ទទួលបានអង្កាម កន្ទក់ ចុងអង្ករ ទៅប្រើការបានបន្ថែមទៀត ហើយថែមទាំងបានផ្តល់ការងារបន្ថែមដល់ប្រជាពលរដ្ឋទៀតផង»។ នេះជាការបន្ថែមរបស់លោកឧកញ៉ លឹម ហេង៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ