ព័ត៌មានអន្ដរជាតិ
អត្រាភាពក្រីក្ររបស់ឥណ្ឌូណេស៊ីធ្លាក់ចុះ នៅត្រឹម ២៥,២២ លាននាក់ក្នុងខែមីនា
ទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បានរាយការណ៍ថា ចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្រគិតត្រឹមខែមីនា ឆ្នាំ ២០២៤ បានធ្លាក់ចុះមកនៅត្រឹម ២៥,២២ លាននាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ចំនួននេះ បង្ហាញពីការថយចុះប្រមាណ ៦៨០ ០០០ នាក់ ពោលគឺ ០,៣៣ ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ ២០២៣ និងធ្លាក់ចុះប្រមាណ ១,១៤ លាននាក់ ឬ ០,៥៤ ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ ២០២២។ នេះធ្វើឱ្យអត្រាភាពក្រីក្រជារួម ស្ថិតនៅ ៩,០៣ ភាគរយ ក្នុងខែមីនា ឆ្នាំ ២០២៤។
លេខាធិការស្តីទីនៃ BPS លោក Imam Machdi បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យ BPS កាលពីថ្ងៃចន្ទថា ក្នុងកម្រិត ៩,០៣ ភាគរយ អត្រានៃភាពក្រីក្រឥណ្ឌូណេស៊ី បានឈានដល់ចំណុចទាបបំផុតនៅទសវត្សរ៍ចុងក្រោយនេះ ដោយធ្លាក់ចុះប្រមាណ ៣,០៦ លាននាក់ ឬប្រហែល ២,២២ ភាគរយ ត្រឹមរយៈពេល ១០ ឆ្នាំចុងក្រោយ។
លោកបន្តថា៖ «បន្ទាប់ពីការកើនឡើងក្នុងអំឡុងជំងឺរាតត្បាត(កូវីដ១៩) អត្រានៃភាពក្រីក្របានធ្លាក់ចុះវិញជាលំដាប់ចាប់តាំងពីខែមីនា ឆ្នាំ ២០២១»។
នៅតំបន់ទីក្រុង អត្រាភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹម ៧,០៩ ភាគរយក្នុងខែមីនា ឆ្នាំ ២០២៤ ពី ៧,២៩ ភាគរយនៅរយៈពេលតែមួយ ឆ្នាំ ២០២៣។ ចំណែកឯតំបន់ជនបទវិញ អត្រានៃភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១១,៧៩ ភាគរយ ក្នុងខែមីនា ឆ្នាំ ២០២៤ ពី ១២,២២ ភាគរយក្នុងខែមីនា ឆ្នាំមុន។ យ៉ាងណាមិញ តួលេខនេះបង្ហាញផងដែរថា ធៀបទៅនឹងសម័យមុនកូវីដ១៩ អត្រានៅទីក្រុងនៅតែបន្តខ្ពស់ជាង ខណៈអត្រាជនបទធ្លាក់ចុះទាបជាង។

គួរគូសបញ្ជាក់ថា ស្ថានភាពភាពក្រីក្ររបស់ប្រជាជន ត្រូវបានកំណត់ដោយបន្ទាត់នៃភាពក្រីក្រ ពោលគឺកម្រិតប្រាក់ចំណូលអប្បបរមា ដើម្បីបំពេញតម្រូវការម្ហូបអាហារ និងមិនមែនម្ហូបអាហារ។ ខ្សែបន្ទាត់ភាពក្រីក្រក្នុងខែមីនា ឆ្នាំ ២០២៤ មានប្រហែល ៣៥,៦៧ ដុល្លារសម្រាប់មនុស្សម្នាក់/ខែ ដោយកើនឡើង ៥,៩០ ភាគរយ ធៀបនឹងខែមីនា ឆ្នាំ ២០២៣។
ទោះបីជាឥណ្ឌូណេស៊ី មើលឃើញពីភាពប្រសើរឡើងនៃការកាត់បន្ថយអត្រាភាពក្រីក្រក៏ដោយ ក៏ប្រជាជនឥណ្ឌូណេស៊ីចំនួន ១/៣ បន្តជួបប្រទះនឹងអសន្តិសុខសេដ្ឋកិច្ច។ អ្នកជំនាញលើកឡើងថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាកត្តាមួយដ៏ធំ ដែលជួយកាត់បន្ថយអត្រាភាពក្រីក្រយ៉ាងខ្លាំងនៅជុំវិញប្រទេស។ ទន្ទឹមនឹងនេះ មានកត្តាធំៗផ្សេងទៀត ដែលរាប់បញ្ជូលទាំងគោលនយោបាយខុសៗគ្នារបស់រដ្ឋាភិបាល។ ក្នុងនោះ រួមមាន «មូលនិធិតាមភូមិ» ដែលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមសហគមន៍ ដូចជាសាលារៀន មណ្ឌលសេវាសុខភាព និងកន្លែងផ្គត់ផ្គង់ទឹកស្អាត ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រតាមតំបន់ជនបទ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


