ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចអាមេរិកកើនលឿនគួរឱ្យកត់សម្គាល់ ក្នុងត្រីមាសទី២ ជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់
សេដ្ឋកិច្ចអាមេរិក បានកើនឡើងលឿនជាងការរំពឹងទុកក្នុងត្រីមាសទី ២ ដែលជំរុញដោយកំណើនយ៉ាងរឹងមាំក្នុងការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការិយាល័យវិភាគសេដ្ឋកិច្ចរបស់ក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ថា ផលិតផលក្នុងស្រុកសរុប (GDP)របស់អាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២,៨ ភាគរយ កាលពីត្រីមាសទី២។ នោះគឺជាកំណើនទ្វេដង ពីអត្រា ១,៤ ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤។
គេមើលឃើញថា តួលេខនេះបង្ហាញពីកំណើនលឿនជាងការរំពឹងទុករបស់សេដ្ឋវិទូ ដែលដាក់កំណើន GDP ក្នុងត្រីមាសដដែល ត្រឹមរង្វង់ ២,០ ភាគរយ។ យ៉ាងណាមិញ អត្រាកំណើនក្នុងឆមាសទី១មានជាមធ្យម ២,១ ភាគរង ពោលគឺស្មើនឹងពាក់កណ្ដាលនៃកំណើន ៤,២ ភាគរយ នៃឆមាសចុងក្រោយ ឆ្នាំ ២០២៣។
បើតាមតួលេខ កំណើនក្នុងត្រីមាសទី២ ត្រូវបានជំរុញដោយភាពរឹងមាំនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគលើអាជីវកម្ម គួបផ្សំនឹងការបង្កើនការចំណាយរបស់រដ្ឋាភិបាលអាមេរិក។

ការចំណាយរបស់អ្នកប្រើប្រាស់ដែលរួមចំណែកច្រើនជាង ២/៣ នៃសេដ្ឋកិច្ចអាមេរិក បានកើនឡើងក្នុងអត្រាប្រហែល ២,៣ ភាគរយ ក្រោយយឺតយ៉ាវក្នុងរង្វង់ ១,៥ ភាគរយក្នុងត្រីមាសទី១។ នេះជំរុញដោយការកើនឡើងនៃការចំណាយលើសេវាកម្មដូចជា ការថែទាំសុខភាព លំនៅដ្ឋាន និងសម្ភារៈប្រើប្រាស់ ព្រមទាំងការទស្សនាមជ្ឈមណ្ឌលកីឡា ឧទ្យាន រោងកុន និងសារមន្ទីរ និងការលេងល្បែងស៊ីសងជាដើម។
ការវិនិយោគអាជីវកម្មបានកើនឡើងក្នុងអត្រា ១១,៦ ភាគរយ ពីកំណើនត្រឹមតែ ១,៦ ភាគរយក្នុងត្រីមាសទី១ ដែលជំរុញដោយការបង្កើនការទិញឧបករណ៍ដូចជាសម្រាប់យន្តហោះ ខណៈការចំណាយលើផលិតផលកម្មសិទ្ធិបញ្ញា ក៏បន្តកើនឡើង។
អ្នកវិភាគលើកឡើងថា កំណើនសេដ្ឋកិច្ចអាមេរិកស្ថិតនៅក្នុងស្ថានភាពរឹងមាំ ដោយមិនក្ដៅពេក មិនត្រជាក់ពេក។ ចំណែកឯអតិផរណាក៏ដូចគ្នា ដែលអាចឱ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់តឹងតែងរបស់ខ្លួននៅខែកញ្ញាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់ឆមាសទី២នៃឆ្នាំនេះ មានភាពអាប់អួរ ដោយទីផ្សារការងារកំពុងធ្លាក់ចុះ ដែលនឹងប៉ះពាល់ដល់ការដំឡើងប្រាក់ឈ្នួល ដែលកត្តាបង្កើនការចំណាយលើតម្រូវការរបស់អ្នកប្រើប្រាស់៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


