ព័ត៌មានអន្ដរជាតិ
វៀតណាមបង្កើនមុខទំនិញកសិផលទៅចិន ខណៈទំនាក់ទំនងពាណិញ្ជកម្មកើនឡើង
ប្រទេសវៀតណាម បានបង្កើនមុខទំនិញកសិផលចំនួន ៣ មុខបន្ថែមទៀត សម្រាប់ការនាំចេញជាផ្លូវការទៅប្រទេសចិន រួមមាន សាច់ក្រពើ ទុរេនក្លាសេ និងផ្លែដូង ខណៈទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២កើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការបង្កើនមុខទំនិញមាននៅក្នុងពិធីសារអនុញ្ញាត ដែលបានចុះហត្ថលេខាដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) និងរដ្ឋបាលទូទៅនៃគយនៃប្រទេសចិន ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្សកុម្មុយនិស្ត និងប្រធានាធិបតីវៀតណាម លោក Tô Lâm ទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទ។
MARD និយាយថា ការចុះហត្ថលេខាលើពិធីសារនេះ បានបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ដោយមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះវិស័យកសិកម្មរបស់វៀតណាម។
ទុរេនក្លាសេ ដែលកំណត់ថាជាផលិតផលអាទិភាព ត្រៀមនឹងជំរុញប្រាក់ចំណូលពីការនាំចេញកសិផលយ៉ាងច្រើន ហើយការអនុញ្ញាតឱ្យនាំចូលជាផ្លូវការទៅកាន់ទីផ្សារចិន រំពឹងថានឹងបើកឱកាសជាច្រើនសម្រាប់ឧស្សាហកម្មទុរេនរបស់ប្រទេស ខណៈវៀតណាមរំពឹងកើនចំណូលបានពីទុរេនក្លាសេ ប្រមាណចន្លោះពី ៤០០-៥០០ លានដុល្លារនៅឆ្នាំនេះ ដោយមានចិនរួមចំណែកលើសលប់លើទីផ្សារនាំចូល។

ដូចគ្នាដែរ វៀតណាមមើលឃើញថា ការអនុញ្ញាតពីចិនឱ្យនាំចូលផ្លែដូង ក៏ដូចជាសាច់ក្រពើ នឹងរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនលើវិស័យរៀងៗខ្លួន ដែលនឹងជួយជំរុញផលិតផលវៀតណាមឱ្យត្រូវតាមគុណភាពស្ដង់ដារសកល។
គួរគូសបញ្ជាក់ថា ប្រទេសចិនបន្តជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ផលិតផលកសិកម្មវៀតណាម ខណៈទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២កើនឡើងសរុបជាទឹកប្រាប់រាប់ពាន់លានដុល្លារ។ ស្ថិតិបង្ហាញថា ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ដោយឆមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជិត ៩៥ ប៊ីលានដុល្លារ។ ការចេញទៅចិន មានទំហំ ២៧,៨ ប៊ីលានដុល្លារ កើនឡើង ៥,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីចិនមានទំហំ ៦៧ ប៊ីលានដុល្លារ កើនឡើង ៣៥ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់កាសែត VietnamPlus។

ប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ជាមួយនឹងកតិកាសញ្ញាទាំងនេះ ពាណិជ្ជកម្មទ្វេភាគីត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសនៅក្នុងវិស័យដូចជា កសិកម្ម វាយនភ័ណ្ឌ និងអេឡិចត្រូនិច។
គេមើលឃើញថា ចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់វៀតណាមនោះទេ ចិនក៏រួមចំណែកដ៏សំខាន់លើលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមផងដែរ។ រយៈពេល៧ខែដំបូងនៃឆ្នាំនេះ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៩១ ដែលវិនិយោគនៅវៀតណាម ចិនបានកាន់កាប់តំណែងកំពូលក្នុងចំនួនគម្រោងវិនិយោគថ្មីៗ ដោយរួមចំណែក ២៩,៧ ភាគរយ នៃចំនួនសរុប។ នេះបើតាមក្រសួងផែនការ និងវិនិយោគវៀតណាម ដែលបានឱ្យដឹងថា សាជីវកម្មចិនធំៗជាច្រើនក្នុងវិស័យបច្ចេកវិទ្យា អគ្គិសនី-អេឡិចត្រូនិក កែច្នៃ ផលិត ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី បានដាក់ការវិនិយោគក្នុងប្រទេសវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


