Connect with us

ព័ត៌មានជាតិ

ធនាគារកណ្តាលកម្ពុជា-វៀតណាមបន្តរួមគ្នាជំរុញការទូទាត់ឆ្លងដែនតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ QR

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគាររដ្ឋវៀតណាម បានបន្តសហការគ្នាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសលើកកម្ពស់ការទូទាត់ឆ្លងដែនសំដៅសម្រួលដល់ការការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៥ ខែសីហា ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម​ រវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណា​ នៅរាជធានីភ្នំពេញ។

បើយោងតាម NBC កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។

«ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលរួមមាន​បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម;លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ; និង  លើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

លោកស្រីបណ្ឌិត ជា សិរី បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនបន្ទាប់ពីកិច្ច​ប្រជុំនោះថា ធនាគារជាតិនៃកម្ពុជាបានធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំទ្វេភាគីជាមួយធនាគាររដ្ឋវៀតណាម ដែលដឹកនាំដោយលោកជំទាវ ទេសាភិបាល NGUYEN THI HONG និងមានការចូលរួមពីឯ.ឧ NGUYEN Minh Vu ឯកអគ្គរដ្ឋទូតសារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា។

លោកស្រីបណ្ឌិតថា៖«ធនាគារយើងទាំង២បានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចនិងវិស័យធនាគារឲ្យគ្នាទៅវិញទៅមក ពិភាក្សាជំរុញប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ QR នៃប្រទេសទាំង២។ យើងក៏បានជួបជាមួយធនាគារវៀតណាមចំនួន៥ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា ដើម្បីពិភាក្សាពីការរួមចំណែករបស់ពួកគាត់ក្នុងសេដ្ឋកិច្ចកម្ពុជា»។

កាលពីថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៣ធនាគារជាតិនៃកម្ពុជា​ និងធនាគាររដ្ឋវៀតណាម​ នៅ ​ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម​ QR Code រវាងប្រទេសទាំងពីរ ដែលធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។

ការដាក់ឱ្យដំណើរការ​ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ចំពោះគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ រវាងកម្ពុជា​ និងវៀតណាម​ ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺអនុញ្ញាតឲ្យប្រជាជនកម្ពុជា​ ដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។

ដូចគ្នាចំពោះប្រជាជនវៀតណាម​ ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម