កូវីដ-១៩
ស្លាប់បំបែកកំណត់ត្រារាល់ថ្ងៃទៅហើយ តែតួលេខរបស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការដល់ទៅ៥ដងឯណោះ ព្រោះខ្លះស្លាប់តាមផ្លូវ ខ្លះស្លាប់នៅផ្ទះ
ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងដោយមានអ្នកស្លាប់ថ្មីចំនួន ៣,៦៤៥នាក់ ដែលធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនលើស២០០,០០០នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានព្រមានថា តួលេខផ្លូវការគឺខ្ពស់ជាងនេះឆ្ងាយណាស់ ព្រោះការស្លាប់រហូតដល់ទៅ៨០ភាគរយនៅក្នុងប្រទេសឥណ្ឌា មិនត្រូវបានចុះបញ្ជីជាផ្លូវការនោះទេ។
មានអ្នកជំងឺហូរហៀរពេញមន្ទីរពេទ្យ ហើយប្រព័ន្ធសុខាភិបាលឥណ្ឌាកំពុងឈានទៅរកការដួលរលំ ដោយមិនមានឃើញសញ្ញានៃទីបញ្ចប់ចំពោះវិបត្តិនេះឡើយ។
អ្នកសារព័ត៌មានឥណ្ឌានៅកន្លែងបូជាសពបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនលើសតួលេខផ្លូវការឆ្ងាយណាស់ ដោយសារតែការមិនរាប់បញ្ចូលរបស់មន្ត្រី, កង្វះនៃការធ្វើតេស្ត, ការស្លាប់របស់អ្នកជំងឺខ្លះមិនអាចត្រូវបានបញ្ជាក់ ហើយអ្នកជំងឺខ្លះត្រូវបានទុកឲ្យស្លាប់នៅតាមផ្លូវឬនៅផ្ទះ។
កាសែត The Times of India បានរាយការណ៍ថា កន្លែងបូជាសពមួយនៅទីក្រុង Bangalore បានកត់ត្រាពីការបូជាសពជនរងគ្រោះកូវីដចំនួន៣,១០៤នាក់ ក្នុងអំឡុងខែមីនាដល់ខែមេសា ប៉ុន្តែតួលេខផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ទីក្រុងនេះ គឺមានអ្នកស្លាប់ត្រឹម១,៤២២នាក់ប៉ុណ្ណោះ។
ការស៊ើបអង្កេតមួយផ្សេងទៀតដោយទូរទស្សន៍ NDTV បានរកឃើញថា ឈាបនដ្ឋាននៅទីក្រុង ដែលី បានកត់ត្រានូវការបូជាសពចំនួន ៣,៩០៩នាក់កាលពីសប្តាហ៍មុន ខណៈតួលេខផ្លូវការមានត្រឹមតែ ១,៩៣៨នាក់ប៉ុណ្ណោះ។
លោក Bhramar Mukherjee អ្នកជំនាញខាងរោគសាស្ត្រនៃសកលវិទ្យាល័យ Michigan បានប្រាប់កាសែត New York Times ថា ការសិក្សារបស់គាត់បង្ហាញថា ចំនួនអ្នកស្លាប់នៅឥណ្ឌាគឺអាចខ្ពស់ជាងតួលេខផ្លូវការ រហូតដល់ទៅប្រាំដងឯណោះ។
កង្វះខាតការធ្វើតេស្តធ្វើឲ្យតួលេខមិនច្បាស់លាស់ ខណៈកាសែត Telegraph បានរាយការណ៍ថា រដ្ឋមួយចំនួនមិនបានចុះបញ្ជីការស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ ប្រសិនបើមិនមានភស្តុតាងត្រឹមត្រូវដែលរួមចំណែកដល់ការស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


